តើព្រោះហេតុអ្វី? (កំនាព្យ បទពាក្យ៧)

១» តើព្រោះហេតុអ្វីជួបទុក្ខា?                 ជួបរឿងខ្លោចផ្សាឥតពេលល្ហែរ

     បានត្រឹមស្រលាញ់ឥតបានក្បែរ         កសាងក្ដីស្នេហ៍ស្មោះមិន​បាន។

២» ខុសឆ្គងយ៉ាងណាម្ដេចប្រកាន់?         ស្រស់ពៅកំណាន់ប្រាប់បងបាន

     អភ័យទោសាណាកណ្យាណ            ទើបយើង​ពីរប្រាណ​បាន​សុក្ខា។

៣» តើព្រោះហេតុអ្វីមិន​ស្មោះត្រង់?         ចិត្តល្អផូរផង់​បាត់​ទៅណា?

      កាលគ្រាដំបូងស្មោះស្នេហា              វាចាម្ដេចម្ដាក៏ប្រណី។

៤» បងធ្លាប់រីករាយ​និងពិសី                   វាចាភក្ដីសែន​ពីរោះ

     សារសង​មិន​ថាជ្រុលលើសលួស        នៅតែលើកទោសដោយ​ស្រលាញ់។

៥» តើព្រោះហេតុអ្វីអូនចុះចាញ់             ថាមិន​ស្រលាញ់បងសោះឡើយ

     ចាញ់ព្រហ្មលិខិតប្រែកន្តើយ             អូនលាបងហើយ​គ្មាន​មេត្តា។

៦» ហេតុអ្វីបង​មិនអាច​វាចារ                  ដោះស្រាយបញ្ហា​នឹង​ស្រស់ស្រី

     អូនចាកចោលបងគ្មានប្រណី            មិនស្ដាប់សំដីបងបកស្រាយ។

៧» ហេតុអ្វីមិនគិត​ស្រណោះស្ដាយ         ដែល​យើង​ពីរកាយ​បាន​តស៊ូ

      កសាងក្ដីស្នេហ៍មកជាយូរ                 ហេតុអ្វីត្រូវប្ដូរយក​បែកគ្នា?

៨» បងនៅតែគិតស្រស់ពុំងារ                 គ្រប់ពេលវេលាគ្រប់នាទី

     នឹកស្រស់ពាលពៅឆោមឆវី               គ្មានអ្នកទី២ក្នុងចិត្តឡើយ។

៩» បងនៅសង្ឃឹមយើង​បាន​ស្បើយ         បាន​នៅកៀកកើយ​គូរវាសនា

      សូមគិតជាថ្មីណាកន្និដ្ឋា                   មិន​ថាពេលណាបងរង់ចាំ។

១០» ស្នេហ៍បងស្នេហ៍ពិតទោះយូរឆ្នាំ       មិនអាចប្រែះស្រាំបាត់បង់ឡើយ

        ឲ្យតែរូបអូន​មិន​កន្តើយ                 ស្នេហ៍យើង​ដល់​ត្រើយ​ក្ដីសុខសាន្ដ។

តាក់តែងដោយ  គ្រីយ៉ា

Beak7_Form

ចាំមើល​ទាំងអស់គ្នា​ តើ​កម្ពុជាមាន​អ្វី​ប្លែកសំរាប់​ឆ្នាំ​ ២០១៣?

ពី១វិនាទីទៅ១វិនាទី គឺ​អាច​ផ្លាស់ប្ដូរអ្វីបានគ្រប់យ៉ាង មិនថាជាលក្ខណៈធម្មជាតិ ឬក៏ជាការផ្លាស់ប្តូរ​ដោយ​មនុស្សលោក​។ បើនិយាយ​​ពី​ចរិករបស់​មនុស្សវិញ​ក៏អាចផ្លាស់​ប្ដូរ​បាន​​ដោយ​ងាយ ជាពិសេស​​មាន​និន្នា​ការផ្លាស់​ប្តូរ​ទៅ​បរិយាកាស​​សង្គម​ជុំវិញ​ដែលខ្លួន​កំពុង​​រស់​នៅ។ រីឯ​បរិយាកាស​​សង្គម ឬ​បរិយាកាស​​សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រទេស​​មួយ​​ក៏​អាច​ផ្លាស់​ប្ដូរ​​ទៅ​តាម​ពេល​វេលា​ផង​ដែរ។ តែអ្វី​ដែល​​សំខាន់​គឺ​ថា តើ​​ការ​ផ្លាស់​ប្តូរ​​នេះ​ទៅ​​កាន់​ភាព​​ល្អ​ប្រសើរ​ជាង​មុន ឬក៏​កាន់​​តែ​ឈាន​ទៅ​រក​ផ្លូវ​ដែល​កាន់​តែខ្មៅងងឹត? ជាការពិតណាស់​ យើង​គ្រប់គ្នា​ប្រាកដជាប្រាថ្នា​​ចង់​បាន​ការ​ផ្លាស់​ប្តូរ​ដែល​​ល្អ​​ប្រសើរ​ជាង​មុន​​ ហើយ​ក៏គ្មាន​អ្នក​ណាម្នាក់​ចង់​ឲ្យ​​ខ្លួន​​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​រហូត​​​នោះ​ដែរ​។ កិច្ចការ​ដែល​ចាំបាច់​​ត្រូវ​ធ្វើ​ គឺត្រូវមាន​​ផែន​ការ​ឲ្យ​​បាន​ច្បាស់​លាស់​ ដើម្បី​កែប្រែ​ជីវិត​​របស់​ឲ្យ​​យើង​ឲ្យ​​កាន់​តែ​ប្រសើរ​ កាន់​តែ​មាន​ន័យ​ ពី​១ថ្ងៃទៅ​១ថ្ងៃ។

ក្រឡែក​​មក​មើល​​ស្ថាន​ភាព​ប្រទេស​របស់​យើង​វិញ តើ​បាន​ដើរ​ដល់​ផ្លូវ​ណា​ហើយ? អភិវឌ្ឍក្នុង​ផ្លូវអវិជ្ជមាន? ផ្លូវវិជ្ជមាន? តើផែន​ការ​៥ឆ្នាំ​​របស់​រដ្ឋាភិបាល​​បាន​អនុវត្ដដល់​កំរិត​ណា​ហើយ?​ តើស្ថានភាពនយោបាយ​យ៉ាង​ណាដែរ?​ នៅសល់​ពេល​​មិន​ដល់​១ឆ្នាំទៀត​ទេ ការ​បោះឆ្នោត​សាកល​នឹង​​ធ្វើ​ឡើង​​ម្ដង​ទៀត​ហើយ តើ​ឆ្នាំ២០១៣​នេះ ប្រទេស​កម្ពុជា​យើង​នឹង​មាន​អ្វី​ប្លែកទៀតទេ​? សំនួរទាំង​អស់​នេះ​ គឺ​យើង​ទាំង​អស់​គ្នា​​ត្រូវ​អង្គុយ​សញ្ចឹង​គិត​ និង​តាម​ដាន​ពី​ស្ថានភាព​​ប្រទេស​យើង​ឲ្យ​បាន​ម៉ត់ចត់ ជាក់ច្បាស់​ ទើប​អាច​ធ្វើ​ការ​សន្និដ្ឋាន​​​បាន​ត្រឹម​ត្រូវ និង​មិន​ធ្វើឲ្យ​យើង​មាន​វិប្បដិសារី​ក្រោយ​ពេល​​​ជ្រើស​រើស​អ្នក​ដឹក​។ អ្វី​ដែល​ខ្ញុំ​ចង់​រំលឹក​ដល់​អ្នក​ទាំង​អស់​គ្នា រួម​ទាំង​ខ្លួន​ខ្ញុំ​ផ្ទាល់​ គឺត្រូវ​ចងចាំថា​ កុំតែងតែ​ប្រៀបធៀប​ខ្លួនឯង​កាលពី​នៅ​កុមារភាព ជាមួយនឹង​ខ្លួន​យើង​ពេល​ពេញ​វ័យ​ តែត្រូវប្រៀបធៀប​ជាមួយ​អ្នក​ដទៃ ក៏ដូច​ជា​ស្ថានភាពនៅ​វិញ​ខ្លួន​យើង​!”។​​ ដូចគ្នាដែរ​ស្ថានភាពប្រទេស​មួយ​ មិន​អាច​​យក​ទៅ​ប្រៀប​ផ្ទឹម​តែ​នឹង​ស្ថានភាពប្រទេស​នោះខ្លួនឯង​កាល​ពី​​ច្រើន​​ឆ្នាំ​មុននោះទេ តែ​ត្រូវ​ក្រឡែក​​មើល​ទៅ​ប្រទេសជិត​ខាង ក៏​ដូច​ជា​ប្រទេស​​ដែល​គេ​ដើរ​ទៅ​មុខ​យើង​។ ហើយក៏​ត្រូវ​តែ​គិត​យក​​យុត្តិសាស្រ្ត​ដែល​​ត្រូវ​នឹង​ស្ថាន​ភាព​ប្រទេសយើង ដើម្បី​ធ្វើ​ការ​កែលំអរ​ចំនុច​ខ្វះខាត និង​កែ​ប្រែឲ្យ​ទៅ​រក​ភាពល្អ​ប្រសើរ​​ដូច​គេ។ ដូចច្នេះ យើង​ត្រូវ​ចូលរួម​តាមដាន និង​ចែក​រំលែក​ទាំង​អស់គ្នា​ ដើម្បី​ជួយដាស់តឿនគ្នា​ទៅ​រក​ផ្លូវដែល​ល្អប្រសើរ និង​កែប្រែស្ថាន​ភាព​​ប្រទេសយើង​ឲ្យ​បាន​ល្អ​ប្រសើរ​ទៅជាប្រទេស​អភិវឌ្ឍ​មួយដែលមាន​ឈ្មោះ​លើ​ឆាក​​អន្តរជាតិ​។

ឥឡូវយើង​ត្រូវ​ចាប់​ផ្តើម​ត្រិះរិះពិចារណា និង​តាម​ដាន​ទាំង​អស់​គ្នា​ តើ​កម្ពុជាយើង​នឹង​មាន​អ្វី​ប្លែក​ក្នុង​ឆ្នាំ២០១៣? ហើយ​ក៏កុំភ្លេច​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា​ជ្រើស​រើស​អ្នក​ដឹក​នាំ​ដែល​មាន​ឧត្ដម​គិតិ ​ឆន្ទះ​ស្នេហាជាតិ ​គិតគូរនិង​ដឹង​ពីសុខទុក្ខពិតប្រាកដ​របស់​ប្រជាពល​រដ្ឋ​​ ដើម្បីធ្វើការជាមួយ​គ្នា​ឲ្យ​ឈានទៅ​ដល់​គោល​ដៅមួយ​ដែល​យើង​គ្រប់គ្នា​រស់​នៅ​ដោយ​ភាព​សុខសាន្ដ​ សន្តិភាព និង​សេរីភាព​ពិត​ប្រាកដ

អ្នកដឹកនាំល្អ គឺជា​អ្នក​ដែលឲ្យតំលៃខ្ពស់​ចំពោះ​អ្នក​ដែល​ខ្លួន​ដឹក​នាំ

OPPOSITION PROTESTERS MARCH IN PHNOM PENH

Cambodia_info

IMG_1255

traffic-dangers

Barcamp Phnom Penh 2012

តាមការសង្កេតរបស់ខ្ញុំ​មួយ​រយៈមក ខ្ញុំគិត​ថា​ព្រឹត្តិការណ៍ Barcamp ពិតជាមាន​សារៈប្រយោជន៍ដល់​មហាជនទូទៅ
ជាពិសេសចំពោះ​យុវវ័យ ដើម្បីចូលរួម​ទទួល​យក​​នូវគំនិតថ្មីៗ ចែករំលែក​បទពិសោធន៍ and stay up to date with new technology.

ឆ្នាំនេះ​ខ្ញុំគិត​ថា​នឹង​ចូលរួម​នឹង​គេ​ដែរ ដើម្បីជួបជុំ​មិត្តភក្ដិ បង្កើតបណ្ដាញមិត្តភក្ដិថ្មី ទួលបាន​​នូវបទពិសោធន៍​ចំណេះដឹង​ថ្មីៗ ហើយ​​ក៏ចង់​ចែក​រំលែក​​នូវគំនិត​ខ្លះៗ​ផង​ដែរ។
សូមមេត្តា​ទៅទស្សនា​គេហទំព័រ​របស់​ក្រុម Barcamp ដើម្បីទទួល​បាន​ពត៌មាន​លំអិត។

ចុះឈ្មោះឥឡូវនេះ និង​បបួល​មិត្តភក្ដិ​ទៅចូលរួម​ដើម្បីទទួលនូវ​ភាពរីករាយ និង​បង្កើន​ចំណេះដឹង​ទាំង​អស់គ្នា​ជុំវិញ​ពិភព​បច្ចេកវិទ្យា។

មិនមែនបច្ចេកវិទ្យាទេ តែជារឿង​ជីវិត

ដូចជាមានរយៈកាលដ៏យូរលង់ដែរហើយដែលខ្ញុំមិនបានរៀបចំអត្ថបទសំរាប់ដាក់ក្នុងប្លុកមួយនេះ។ ពេលនេះ​ខ្ញុំសុំ​ពេល ដើម្បីចែក​រំលែកគំនិតបន្តិបន្តួច។ ជាថ្មីម្ដងទៀត ខ្ញុំលើក​និយាយពីបញ្ហាជីវិតមកជជែកគ្នា ក៏ដូចជាចែក​រំលែកគ្នា​ដើម្បីស្វែងពីជីវិតរបស់យើងឲ្យបានច្រើន។ ពីមួយថ្ងៃទៅមួយថ្ងៃ ជីវិតមនុស្សចេះតែប្រែប្រួល ពេលខ្លះ​ក៏​សប្បាយ​រីករាយ ពេលខ្លះ​ក៏ក្រៀមក្រំ ពេលខ្លះ​ទៀត​ពិត​​​ជាស្មុគស្មាញដែលស្ទើរ​តែមិនអាចរក​ផ្លូវចេញពីភាព​ងងឹត​ទៅរកទីដែលមានពន្លឺបាន។ ប៉ុន្តែទៅ​ជាយ៉ាងណាក៏ដោយ​ក៏យើង​មិននិយាយបានថា ជីវិតត្រូវ​តែរីករាយគ្រប់​ពេលវេលា រឺក៏ទុក្ខ​​សោក​គ្រប់​វេលា​​​នោះទេ ពីព្រោះ​ថា ផ្កាកុលាប​​តែ១​ពណ៌​មិនសូវ​​ជាស្រស់ស្អាត​​​​ដូចផ្កាដែល​មានចំរុះ​ពណ៌ទេ ដូចគ្នាដែរនឹងជីវិត​របស់យើង ត្រូវតែលាយ​ចំរុះនូវការសប្បាយរីករាយ ផ្អែមល្អែម ទុក្ខសោក ទើប​ធ្វើឲ្យ​ជីវិត​កាន់តែ​មានន័យ ដែលអាច​និយាយបានថា យើងមាន​​សំណាង​​ដែលបាន​​ដឹង​ និង​ភ្លក់គ្រប់​​រស់ជាតិនៃជីវិត ព្រោះមាន​អ្នក​ខ្លះ​គ្មាន​សំណាង​ដូច​យើង​ទេ។

ចំពោះខ្សែជីវិតខ្ញុំ ក៏មិនខុស​ពីខ្សែជីវិតអ្នកទាំងអស់គ្នាដែរ ប៉ុន្តែមនុស្ស​ម្នាក់​ក៏អាច​រៀប​ចំ និងសំរបសំរួល​ខ្សែជីវិត​របស់ខ្លួនបាន​ទៅតាម​ស្ថានភាពជាក់ស្ដែង​នៅក្នុងគ្រួសារ និង សហគមន៍​ដែល​កំពុងរស់នៅ។ បើនិយាយជារួមទៅ បញ្ហាជីវិត​របស់យើង​អាចខុសៗគ្នា ហើយដំណោះ​ស្រាយក៏អាច​ខុសគ្នាដែរ។ ដូច្នេះហើយ យើងគួរ​តែរីករាយនឹង​ទទួល​យករាល់អ្វី​ដែល​កើតមាន​ឡើងក្នុងជីវិតប្រចាំថ្ងៃ​របស់យើង ព្រោះថា យើងមាន​សំណាង​ដែលបានយល់ដឹង​ពីជីវិត​បានច្រើន ហើយ​ក៏មាន​ភាពឆ្លាតវៃ​ក្នុងការ​ដោះស្រាយ​រាល់អ្វីដែល​យើងជួប​ប្រទះ។ ចំពោះខ្ញុំ មានគំនិតថា ការឆ្លាតវៃ​របស់មនុស្ស​មិនមែនអាច​វាយតំលៃបាន​ដោយគ្រាន់តែដោះស្រាយ​លំហាត់គណិត​វិទ្យានោះទេ តែផ្ទុយ​ទៅវិញ​គឺវាយ​តំលៃ​​ពីការចាត់ចែងជីវិត​រស់នៅដែល​ប្រកបដោយសេចក្ដីសុខ សន្តិភាព សំរាប់ខ្លួនឯង ក៏ដូចជាអ្នកនៅជុំវិញខ្លួនមិនថាជិត រឺឆ្ងាយទេ។ មិនខុសគ្នាទេ បើចង់ក្លាយជាមេដឹកនាំល្អ គឺចាំបាច់ត្រូវតែមានភាពវៃឆ្លាតនៅក្នុងការដឹកនាំ។ មានន័យថា អ្នកដឹកនាំ​ត្រូវតែអាច​ធ្វើឲ្យខ្លួនឯង​ និងប្រជាពលរដ្ឋ​រស់នៅប្រកបដោយ​ភាពសុខក្ដម្ភ​រម្យនា សន្តិភាព និងតម្លាភាព។ ខ្ញុំគិតថា ដើម្បីអាចឈានទៅដល់ចំនុចនេះបាន គឺយើងម្នាក់ៗត្រូវតែមាន “ភាពស្មោះត្រង់​ និងទំនួលខុសត្រូវ”។ ភាពស្មោះត្រង់ និងទំនួលខុសត្រូវ ត្រូវតែដើរ​ជាមួយគ្នា ព្រោះយើងត្រូវតែហ៊ាននិយាយការពិត បង្ហាញពីការពិត និងទទួលយកការពិត។ ដូចគ្នាដែរចំពោះបញ្ហាជិវិត ក៏ដូចជាបញ្ហាសង្គមជាតិទាំងមូល។ ជីវិតដែលពោពេញទៅដោយភាពអាប់អួរ (ដូចពពកខ្មៅពេលជិតភ្លៀង 😀 ) ក៏ដោយសារ​​តែយើង​​បណ្ដោយខ្លួន​យើង​ទៅតាម​ពពកខ្មៅ​ទាំងនោះ ដោយមិន​ព្រមបញ្ជៀស​ខ្លួនចេញ​ទៅរកទី​ដែល​មានពន្លឺ។ បើយើងស្មោះត្រង់នឹងខ្លួនឯង ហើយមាន​ទំនួល​ខុសត្រូវខ្ពស់ នោះយើង​មិនធ្វើ​បាបខ្លួនឲ្យ​​នៅទី​ងងឹតទេ ផ្ទុយទៅវិញ​ ដោយភាព​​​ញញឹម​ទទួលយកការពិត និង ដោះស្រាយ​បញ្ហាដោយភាពឆ្លាតវៃ។

បើយើង​មានទំនួលខុសត្រូវ និងមានភាព​ស្មោះ​ត្រង់នឹងអ្នកដទៃ នោះយើងមិនបង្កការលំបាក រឺ ភាព​ក្ដៅក្រហាយ​ដល់ពួកគាត់​ទេ ហើយ​យើងនឹង​មានគំនិត​ថា សេចក្ដីសុខ​របស់ពួកគាត់​ក៏ជាសេចក្ដីសុខ​របស់​ខ្លួនយើងផ្ទាល់​ដែរ។ មិនខុសគ្នាទេ ចំពោះអ្នកដឹកនាំ​ប្រទេស ត្រូវតែមានទំនួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់ចំពោះ​ពលរដ្ឋខ្លួនក្នុងការកសាងប្រទេស ផ្ដល់សេចក្ដីសុខ សន្តិភាព ដល់ប្រជារាស្ត្រ​ប្រកបដោយតម្លាភាព និង​យុត្តិធម៌។ បើប្រជារាស្រ្ត​រស់នៅប្រកបដោយក្ដីសុខសាន្ដ នោះគ្មាននរណា​ម្នាក់ក្រោកឈរឡើងដើម្បីប្រឆាំងតវ៉ា ដែលធ្វើឲ្យសង្គមជាតិមានភាពអាប់អួរ ច្របូក​ច្របល់នោះទេ។

សរុបមក អ្វីដែលខ្ញុំចង់ចែករំលែក គឺយើងត្រូវតែប្រកាន់ភ្ជាប់នូវ “ភាពស្មោះត្រង់ និង ទំនួលខុសត្រូវខ្ពស់” ដើម្បីធ្វើឲ្យ​មាគ៌ាជីវិតយើងទទួល​បាននូវ​ស្នាមញញឹម​ពិត​ប្រកបដោយសេចក្ដីសុខ សុភមង្គល។ ហើយយើងត្រូវតែបណ្ដុះគំនិតថា “សេចក្ដីសុខរបស់អ្នកដទៃ ក៏ជា​សេចក្ដីសុខ​របស់យើង“។ សង្ឃឹមថា ផ្ដើមចេញ​ពីការចែករំលែក​គំនិតដ៏តូច​មួយនេះ អាចកែប្រែជីវិតយើង និងសង្គម​ជាតិយើង​​ឲ្យទៅ​ដល់ទី​ដែល​មានពន្លឺ​ដ៏ត្រចះត្រចង់ ប្រកបដោយ​សេចក្ដីសុខ​ទាំង​អស់គ្នា។ 🙂

ជីវិត និង បញ្ហា

ខ្សែជីវិត​មនុស្ស​គឺ​មាន​គ្រប់​រស់ជាតិ​ មាន​ទាំង​ផ្អែម​ ល្វីង ជូរ​ចត់ លំ​បាក​ កំសត់​ ជួប​ហើយ​បែរ​ព្រាត់​ សប្បាយ​រីក​រាយ​លាយ​ឡំ​នឹង​ទុក្ខា​។​ ជីវិត​មិន​ដើរ​រលូន​ដូច​ដែល​យើង​ប៉ង​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​វិធី​ និង បត់​បែន​ទៅ​តាម​កាលៈទេសៈ សំរប​ទៅ​តាម​បញ្ហា​ដែល​កំ​ពុង​ជួប​ប្រទះ​។ ជីវិត​យើង​កាន់​តែ​មាន​ន័យ​ និង​ស្រស់​បំព្រង​ ប្រសិន​បើ​យើង​ចេះ​លាយ​ចំរុះពណ៌​ប្រកប​ដោយ​ភាព​​បិន​ប្រសប់ និង​ការ​ច្នៃ​ប្រឌិត​។ មិន​ថា​ខ្មៅ រឺស ក្រហម​ រឺ​ខៀវ លឿង​ រឺ​បៃតង យើង​អាច​យក​មក​លាយ​គ្នា​ឲ្យ​ទៅ​ជា​ពណ៌​ដ៏ស្រស់​ស្អាត​មួយ ប្រៀប​ដូច​នឹង​ជីវិត​របស់​យើង​ដែរ​ដែល​លាយ​ឡំ​ទៅ​ដោយ​ទុក្ខសោក សប្បាយ​រីករាយ​ បញ្ហា​រាប់​លាន​ជំពូក តែ​យើង​នៅ​តែ​អាច​បញ្ចេញ​នូវ​ស្នាម​ញញឹម​ប្រកដ​ដោយ​ក្ដី​សង្ឃឹម​ក្នុង​ជីវិត​។​ ខ្ញុំ​យល់​ថា​មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​បញ្ហា មិន​ថា​អ្នក​មាន អ្នក​ក្រ អ្នកតូច​ រឺ អ្នកធំ​ឡើយ គ្រាន់តែ​បញ្ហា​ដែល​កើត​មាន​ឡើង​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ​។ បញ្ហា​ដែល​ខ្ញុំ​គិត​ថា​លំ​បាក​ដោះស្រាយ ប្រហែល​ជា​មិន​លំ​បាក​ទេ​សំរាប់​អ្នក​ដទៃ ហើយ​បញ្ហា​អ្នក​ដទៃ​ដែល​គិត​ថា​លំបាក ប្រហែល​ជា​មិន​លំ​បាក​សំរាប់​ខ្ញុំ​។ បញ្ហា​ផ្សេង​គ្នា ដំណោះស្រាយ​ផ្សេងគ្នា ដូច​គ្នា​នឹង​ការ​ដោះស្រាយ​ក្នុង​គណិតវិទ្យា​ដែរ ការដោះស្រាយ​លីមីត មិនដូច​គ្នា​នឹង​ការ​ដោះស្រាយ​សមីការ​លីនេអ៊ែរទេ​។ ចំណែក​ដំណោះ​ស្រាយ​នៅក្នុង​សេដ្ឋកិច្ច រឺ​បញ្ហា​សង្គម​វិញ គឺ​ស្រាយ​ទៅតាម​ពេល​វេលា និង​កាលៈទេសៈ មិន​អាច​ប្រើ​ប្រាស់​រូបមន្ដ​តែមួយ​ជានិច្ចកាល​បាន​ទេ ព្រោះ​ថា​សម័យកាល​តែង​តែផ្លាស់ប្ដូរ អាកប្បកិរិយា​មនុស្ស​ក៏​មិន​ស្ថិតស្ថេរ បញ្ហា​តែង​តែ​ប្រែ​ប្រួល​។ ដូចគ្នា​ផង​ដែរ នៅក្នុង​ការ​ប្រលង ប្រសិន​បើ​យើងមិន​អាច​ដោះស្រាយបញ្ហា រឺ​ចំណោទ នោះ​យើង​នឹង​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ​ (មិន​និយាយ​ក្នុង​ន័យ​ដែល​បាន​ការ​ស៊ីសំណូក រឺពុករលួយ​នោះទេ)។​ ដូច្នេះ​ហើយ នៅ​ពេល​ដែល​យើង​ជួប​បញ្ហា​កាន់​តែ​ច្រើន នោះ​ធ្វើឲ្យ​យើង​កាន់​តែ​មាន​ភាពវ័យឆ្លាត​ ធ្វើ​ឲ្យ​យើង​កាន់តែ​យល់​ពីជីវិត​ ធ្វើ​ឲ្យ​យើង​កាន់​តែ​ដឹង​ពីសង្គម ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្គាល់​ពិភពលោក​។ ​អ្នកប្រាជ្ញ អ្នក​ដឹកនាំល្អ អ្នកជំនួញ​ដែល​ជោគជ័យ គឺសុទ្ធសឹង​ជាអ្នក​ដែល​មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ដោះស្រាយ​បញ្ហា អ្នក​ដែល​ជួប​ប្រទះ និងយល់​ច្រើន​ពីបញ្ហា អ្នកដែល​ដឹង​ច្រើន​ពីតំរូវ​ការ អ្នក​ដែល​មាន​ភាព​ច្នៃប្រឌិត ហើយ​រីករាយ​នឹង​ដោះស្រាយ​រាល់​បញ្ហា​។ អញ្ចឹង​យើង​គ្រប់គ្នា​ក៏អាច​ក្លាយ​ជាអ្នក​ដែល​ជោគជ័យ​ អ្នក​ដែល​សំខាន់​នៅក្នុង​សង្គម រឺជាតិសាសន៍មួយផង​ដែរ​ បើសិន​យើង​យល់ដឹង​ពី​​បញ្ហា​ឲ្យ​កាន់​តែ​ច្រើន​  យើង​ចេះ​សំរប​សំរួល និង​រក្សា​ស្នាម​ញញឹម​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ ដោយ​ប្រកាន់ខ្ជាប់​នូវ​សុទិដ្ឋិនិយម និង​ផល​ប្រយោជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​។ សេចក្ដីសុខ​របស់អ្នក​ដទៃ ក៏ជា​សេចក្ដី​សុខ​របស់​យើងគ្រប់គ្នា​ មិនធ្វើឲ្យ​អ្នកដទៃឈឺចាប់ ទុក្ខព្រួយ គឺដោះស្រាយ​បញ្ហាដោយ​សន្តិវិធី ស្វែង​រក​ជោគជ័យ និង​សុខសន្តិភាព​ដល់​ពិភព​លោក​ទាំង​អស់គ្នា​។ សូម​កុំ​រត់​គេច​ពី​បញ្ហា កុំ​គិត​​ថា​​មាន​​តែ​អ្នក​​ដែល​មាន​​បញ្ហា​ កុំ​ធ្វើ​ឲ្យ​បញ្ហា ទៅ​ជា​​ភាព​ស្មុគស្មាញ គឺ​ត្រូវ​​ទទួល​​យក និង​ដោះស្រាយ​​ដោយ​ស្នាម​ញញឹម​។ ដូច្នេះ បញ្ហា​ជា​មេរៀន​ និងជា​ស្ពាន​ចំលង​ទៅ​រក​ភាព​ជោគជ័យ បើសិន​ជា​យើង​ចេះ​កែច្នៃ និង​យក​​យក​ដំណោះស្រាយ​បញ្ហា​មក​ប្រើ​ប្រាស់​ឲ្យ​ស្រប​តាម​ស្ថានភាព។ រស់  គឺ ដើម្បីដឹង ដើម្បីសង្ឃឹម ដើម្បីក្ដីស្រលាញ់ ដើម្បីចែករំលែក និង អនុវត្តអំពើល្អ!”