យុវជនគឺជាធនធានស្នូលនៅក្នុងការកំណត់អនាគត់របស់សង្គមជាតិ។ មិនថាជាតិសាសន៍ណាក៏ដោយ ការអភិវឌ្ឍសង្គមជាតិ គឺ់ជាតួនាទីរបស់អ្នកដឹកនាំ និងប្រជាពលរដ្ឋទូទៅ ហើយក្នុងនោះយុវជនគឺជាធនធានមួយមិនអាចខ្វះបាន។ តួនាទីរបស់អ្នកដឹកនាំប្រទេស ក៏ត្រូវផលិតនូវធនធានយុវជនដែលប្រកបដោយគុណភាពខ្ពស់ (មានគំរិតអប់រំខ្ពស់ សមត្ថភាពខ្ពស់ ភាពឈ្លាសវៃ ហើយប្រកបដោយសីលធម៌ឧត្ដមគតិ សេ្នហា និង ចូលរួមអភិវឌ្ឍន៍ជាតិពិតប្រកដ) ។ ប៉ុន្តែបើសង្កេតទៅមើលស្ថានភាពសង្គមកម្ពុជាបច្ចុប្បន្ន គឺប្រកបដោយភាពអនាធិបតេយ្យ (មិនមែនប្រជាធិបតេយ្យទេ) ភាពមិនច្បាស់លាស់របស់ថ្នាក់ដឹកនាំ បរិយាកាសអប់រំ មិនប្រក្រតី អំពើពុករលួយ ជាពិសេសការលាបពណ៌ពីសទៅខ្មៅ ពីខ្មៅទៅស ភាពគ្មានទំនួលខុសត្រូវ។ បញ្ហាទាំងនេះបានកំពុងដឹកនាំមាគ៌ាប្រទេសនេះឲ្យឈានទៅរកការអភិវឌ្ឍមួយប្រកបដោយភាពមិនច្បាស់លាស់ មិនថាវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។ ដោយស្ថានភាពបែបនេះហើយ ទើបធ្វើឲ្យធនធានយុវជនមួយចំនួនធំមិនមែនជាធនធានដែលចូលរួមអភិវឌ្ឍន៍ជាតិពិតប្រាកដ តែផ្ទុយទៅវិញជាធនធានដែលចូលរួមបំផ្លាញជាតិ។
តាមរយះការសង្កេត តាមដានពីបរិយាកាសសង្គមកម្ពុជាខ្ញុំអាចធ្វើការសង្ខេបជាបួនសណ្ឋានសំខាន់ៗដូចខាងក្រោម៖
១. បរិយាកាសសង្គមដែល “ភ្នែកភ្លឺ តែមើលមិនឃើញអ្វីដែលជាការពិត” ។ ដោយសារសង្គមមួយប្រកបដោយភាពអនាធិបតេយ្យ ការលាបពណ៌បិទបាំងនូវការពិត ភាពគ្មានទំនួលខុសត្រូវ បានធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនមួយចំនួនធំដែលមិនបានរិះគិតពិចារណា និង ស្វែងយល់ពីការពិត ធ្លាក់ទៅក្នុងរណ្ដៅមួយដែលងាយស្រួលឆបោក និងគេងប្រវ័ញ្ចយកចំណេញសំរាប់បក្សពួក ក្រុមគ្រួសារ អ្នកដែលមានលុយ មានអំណាច។
២. បរិយាកាសសង្គមដែល “ត្រចៀកស្ដាប់លឺ តែស្ដាប់មិនលឺនូវអ្វីដែលជាការពិត“។ បញ្ហានេះគឺកំពុងស្ថិតនៅក្នុងកំរិតមួយដែលធ្ងន់ធ្ងរក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ជាក់ស្ដែងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំ បានកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពត៌មានមិនពិត ពត៌មានដែលមិនឆ្លុះបញ្ចាំងពីតត្តភាពជាក់ស្ដែងរបស់សង្គម មិនឆ្លុះបញ្ចាំងពីភាពក្រីក្រ មិនឆ្លុះបញ្ចាំងពីទុក្ខលំបាករបស់រាស្រ្ដ ។ មិនតែប៉ុណ្ណោះប្រព័ន្ធផ្សព្វផ្សាយភាគច្រើនបាននឹងកំពុងផ្សព្វផ្សាយពីភាពសប្បាយរីករាយ ពីការភ្លើតភ្លើន ដែលធ្វើឲ្យយុវវ័យឆ្លក់វង្វេង និងភ្លេចគិតពីការចូលរួមកែប្រែសង្គមជាតិឲ្យបានល្អប្រសើរ ។ បញ្ហានេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋដែលជាអ្នកស្ដាប់មិនបានទទួល មិនបានស្ដាប់លឺពត៌មានពិត ព្រោះអ្នកដែលផ្ដល់ពត៌មាន គ្មានមនសិការក្នុងការបង្ហាញចំនុចមិនល្អរបស់ខ្លួន ដើម្បីកែលំអរទាំងអស់គ្នា។
៣. បរិកាសសង្គមដែល “មាត់និយាយបាន តែមិនអាចនិយាយនូវអ្វីដែលជាការពិត“។ ការបញ្ចេញមតិយោបល់ ដែលឆ្លុះបញ្ចាំងពីបញ្ហាសង្គម ពីតំរូវការរបស់ប្រជាពលរដ្ឋ គឺជាតំរូវការចាំបាច់ និងអាចនិយាយបានដោយសេរី ក្នុងសង្គមមួយដែលប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រកដ ។ តែផ្ទុយទៅវិញ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បានរិតត្បិត គំរាមកំហែង និងវាយប្រហារដល់ជនណាដែលហ៊ាននិយាយការពិត ឬក៏តស៊ូមតិដើម្បីស្វែងរកការពិត ត្រឹមត្រូវ ។ ជាក់ស្ដែងដូចជាអ្នកកាសែត អ្នកតស៊ូមតិ ប្រឆាំងតវារកការពិតយុត្តិធម៌ សំរាប់តំបន់បឹងកក់ បុរីកីឡាជាដើម ត្រូវបានគំរាមគំហែង វាយធ្វើបាប និងចាប់យកទៅដាក់គុកដោយអយុត្តិធម៌។
៤. បរិយាកាសសង្គមដែល “មានគំនិត តែគ្មានឱកាសប្រើប្រាស់គំនិត“។ ដោយប្រកាន់យកនូវរបបបក្សពួកនិយម របបអំពើពុករលួយ បានធ្វើឲ្យឱកាសនៃការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសគឺយុវជនមានភាពមិនស្មើគ្នា។ កត្តានេះបានធ្វើឲ្យបាត់បង់ ធនធានយុវជនដែលមានគុណភាពពិតប្រាកដក្នុងការចូលរួមកែប្រែសង្គមជាតិឲ្យបានល្អប្រសើរ។ នៅបណ្ដាប្រទេសអភិវឌ្ឍន៍ ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន គឺគេត្រូវការយុវជន ដែលមានគុណភាពពិតប្រាកដ មានគំនិតច្នៃប្រឌិត និងឈ្លាសវៃ ក្នុងការចូលរួមយ៉ាងសកម្មបំរើដល់សេចក្ដីត្រូវការ ក្នុងកិច្ចការអភិវឌ្ឍន៍ជាតិ ក៏ដូចជាសេចក្ដីត្រូវការរបស់មនុស្សទូទៅ ។
តាមរយៈការបកស្រាយដោយសង្ខេបខាងលើ ខ្ញុំបាទក្នុងនាមជាប្រជាពលរដ្ឋ ក៏ដូចជាយុវជនមួយរូប គ្រាន់តែចង់ចូលរួមចែករំលែក និងបង្ហាញពីតត្តភាពសង្គមកម្ពុជាបច្ចុប្បន្ន។ បញ្ហាទាំងនេះ គឺជារនាំងដ៏ចំបងមួយដល់ការចូលរួមរបស់យុវជនក្នុងស្ថាបនាជាតិ។ ការសន្និដ្ឋានទាំងនេះ គឺបានមកតាមរយៈការសង្កេតតាមដាន និងស្វែងយល់ការពិត មួយរយៈកន្លងមកនេះ។ ដូច្នេះ ក្នុងនាមយើងជាប្រជាពលរដ្ឋ ក៏ដូចជាយុវជន ដែលជាធនធានស្នូលក្នុងការអភិវឌ្ឍន៍ជាតិ យើងត្រូវតែចូលរួមលុបបំបាត់បរិយាកាសសង្គមដ៏អាក្រក់ដូចដែលរៀបរាប់ខាងលើ ឲ្យសាបសូន្យពីសង្គមជាតិយើង។ ដើម្បីលុបបំបាត់បញ្ហាទាំងនេះបាន មានកិច្ចការមួយចំនួនដែលយើងត្រូវធ្វើរួមគ្នា ដូចជា៖ ដំបូងយើងត្រូវតែចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងផ្ទាល់ (ផ្លាស់ប្ដូរពីអាត្មានិយម បក្សពួក ក្រុមគ្រួសារនិយម ទៅជាជាតិនិយម) ហើយត្រូវតែពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងឲ្យបានទូលំទូលាយ។ បន្ទាប់មកត្រូវតែចែករំលែក និងផ្ដល់ពត៌មានពិត ដល់បងប្អូន សាច់ញាតិ ក្រុមគ្រួសារ មិត្តភក្ដិទាំងឡាយ ដើម្បីឲ្យពួកគាត់ស្វែងយល់ និងផ្លាស់ប្ដូរផ្នត់គំនិតទៅរកភាពល្អប្រសើរដូចយើងដែរ។ ការងារមួយទៀត គឺត្រូវតែមានសាមគ្គីភាព អំនត់តស៊ូ និងមិនអស់សង្ឃឹមក្នុងការស្វែងរកការពិត យុត្តិធម៌ជូនសង្គមជាតិ។ កិច្ចការបន្ទាប់នោះគឺ មនសិការ និងការឲ្យតំលៃខ្ពស់ចំពោះគ្នាទៅវិញទៅមក និងរើសយកអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព ឧត្ដមគតិ គុណធម៌ សីលធម៌ និងឆន្ទៈស្នេហាជាតិពិតប្រាកដ។
នៅពេលដែលយើងអាចលុបបំបាត់បរិយាកាសដ៏អាក្រក់នៅក្នុងសង្គមជាតិយើងបាន នោះយើងនឹងអាចចូលរួមធ្វើការសំរេចចិត្តទាំងអស់គ្នា ដើម្បីកែប្រែមុខមាត់ជាតិឲ្យមានការរីកចំរើនពិតប្រាកដលើគ្រប់វិស័យ មានសេចក្ដីសុខសន្តិភាព សេរីភាព និងប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
ខ្ញុំសុំចម្លងអត្ថបទនេះ ដាក់នៅ Facebook page 🙂
ចូលចិត្តចូលចិត្ត
សូមចែករំលែកប្រកបដោយសីលធម៌ 🙂
កុំភ្លេចដាក់ Reference Link មកអត្ថបទដើមផង បើសិនជាអាច។ 😀
ចូលចិត្តចូលចិត្ត