មិនមែនបច្ចេកវិទ្យាទេ តែជារឿង​ជីវិត

ដូចជាមានរយៈកាលដ៏យូរលង់ដែរហើយដែលខ្ញុំមិនបានរៀបចំអត្ថបទសំរាប់ដាក់ក្នុងប្លុកមួយនេះ។ ពេលនេះ​ខ្ញុំសុំ​ពេល ដើម្បីចែក​រំលែកគំនិតបន្តិបន្តួច។ ជាថ្មីម្ដងទៀត ខ្ញុំលើក​និយាយពីបញ្ហាជីវិតមកជជែកគ្នា ក៏ដូចជាចែក​រំលែកគ្នា​ដើម្បីស្វែងពីជីវិតរបស់យើងឲ្យបានច្រើន។ ពីមួយថ្ងៃទៅមួយថ្ងៃ ជីវិតមនុស្សចេះតែប្រែប្រួល ពេលខ្លះ​ក៏​សប្បាយ​រីករាយ ពេលខ្លះ​ក៏ក្រៀមក្រំ ពេលខ្លះ​ទៀត​ពិត​​​ជាស្មុគស្មាញដែលស្ទើរ​តែមិនអាចរក​ផ្លូវចេញពីភាព​ងងឹត​ទៅរកទីដែលមានពន្លឺបាន។ ប៉ុន្តែទៅ​ជាយ៉ាងណាក៏ដោយ​ក៏យើង​មិននិយាយបានថា ជីវិតត្រូវ​តែរីករាយគ្រប់​ពេលវេលា រឺក៏ទុក្ខ​​សោក​គ្រប់​វេលា​​​នោះទេ ពីព្រោះ​ថា ផ្កាកុលាប​​តែ១​ពណ៌​មិនសូវ​​ជាស្រស់ស្អាត​​​​ដូចផ្កាដែល​មានចំរុះ​ពណ៌ទេ ដូចគ្នាដែរនឹងជីវិត​របស់យើង ត្រូវតែលាយ​ចំរុះនូវការសប្បាយរីករាយ ផ្អែមល្អែម ទុក្ខសោក ទើប​ធ្វើឲ្យ​ជីវិត​កាន់តែ​មានន័យ ដែលអាច​និយាយបានថា យើងមាន​​សំណាង​​ដែលបាន​​ដឹង​ និង​ភ្លក់គ្រប់​​រស់ជាតិនៃជីវិត ព្រោះមាន​អ្នក​ខ្លះ​គ្មាន​សំណាង​ដូច​យើង​ទេ។

ចំពោះខ្សែជីវិតខ្ញុំ ក៏មិនខុស​ពីខ្សែជីវិតអ្នកទាំងអស់គ្នាដែរ ប៉ុន្តែមនុស្ស​ម្នាក់​ក៏អាច​រៀប​ចំ និងសំរបសំរួល​ខ្សែជីវិត​របស់ខ្លួនបាន​ទៅតាម​ស្ថានភាពជាក់ស្ដែង​នៅក្នុងគ្រួសារ និង សហគមន៍​ដែល​កំពុងរស់នៅ។ បើនិយាយជារួមទៅ បញ្ហាជីវិត​របស់យើង​អាចខុសៗគ្នា ហើយដំណោះ​ស្រាយក៏អាច​ខុសគ្នាដែរ។ ដូច្នេះហើយ យើងគួរ​តែរីករាយនឹង​ទទួល​យករាល់អ្វី​ដែល​កើតមាន​ឡើងក្នុងជីវិតប្រចាំថ្ងៃ​របស់យើង ព្រោះថា យើងមាន​សំណាង​ដែលបានយល់ដឹង​ពីជីវិត​បានច្រើន ហើយ​ក៏មាន​ភាពឆ្លាតវៃ​ក្នុងការ​ដោះស្រាយ​រាល់អ្វីដែល​យើងជួប​ប្រទះ។ ចំពោះខ្ញុំ មានគំនិតថា ការឆ្លាតវៃ​របស់មនុស្ស​មិនមែនអាច​វាយតំលៃបាន​ដោយគ្រាន់តែដោះស្រាយ​លំហាត់គណិត​វិទ្យានោះទេ តែផ្ទុយ​ទៅវិញ​គឺវាយ​តំលៃ​​ពីការចាត់ចែងជីវិត​រស់នៅដែល​ប្រកបដោយសេចក្ដីសុខ សន្តិភាព សំរាប់ខ្លួនឯង ក៏ដូចជាអ្នកនៅជុំវិញខ្លួនមិនថាជិត រឺឆ្ងាយទេ។ មិនខុសគ្នាទេ បើចង់ក្លាយជាមេដឹកនាំល្អ គឺចាំបាច់ត្រូវតែមានភាពវៃឆ្លាតនៅក្នុងការដឹកនាំ។ មានន័យថា អ្នកដឹកនាំ​ត្រូវតែអាច​ធ្វើឲ្យខ្លួនឯង​ និងប្រជាពលរដ្ឋ​រស់នៅប្រកបដោយ​ភាពសុខក្ដម្ភ​រម្យនា សន្តិភាព និងតម្លាភាព។ ខ្ញុំគិតថា ដើម្បីអាចឈានទៅដល់ចំនុចនេះបាន គឺយើងម្នាក់ៗត្រូវតែមាន “ភាពស្មោះត្រង់​ និងទំនួលខុសត្រូវ”។ ភាពស្មោះត្រង់ និងទំនួលខុសត្រូវ ត្រូវតែដើរ​ជាមួយគ្នា ព្រោះយើងត្រូវតែហ៊ាននិយាយការពិត បង្ហាញពីការពិត និងទទួលយកការពិត។ ដូចគ្នាដែរចំពោះបញ្ហាជិវិត ក៏ដូចជាបញ្ហាសង្គមជាតិទាំងមូល។ ជីវិតដែលពោពេញទៅដោយភាពអាប់អួរ (ដូចពពកខ្មៅពេលជិតភ្លៀង 😀 ) ក៏ដោយសារ​​តែយើង​​បណ្ដោយខ្លួន​យើង​ទៅតាម​ពពកខ្មៅ​ទាំងនោះ ដោយមិន​ព្រមបញ្ជៀស​ខ្លួនចេញ​ទៅរកទី​ដែល​មានពន្លឺ។ បើយើងស្មោះត្រង់នឹងខ្លួនឯង ហើយមាន​ទំនួល​ខុសត្រូវខ្ពស់ នោះយើង​មិនធ្វើ​បាបខ្លួនឲ្យ​​នៅទី​ងងឹតទេ ផ្ទុយទៅវិញ​ ដោយភាព​​​ញញឹម​ទទួលយកការពិត និង ដោះស្រាយ​បញ្ហាដោយភាពឆ្លាតវៃ។

បើយើង​មានទំនួលខុសត្រូវ និងមានភាព​ស្មោះ​ត្រង់នឹងអ្នកដទៃ នោះយើងមិនបង្កការលំបាក រឺ ភាព​ក្ដៅក្រហាយ​ដល់ពួកគាត់​ទេ ហើយ​យើងនឹង​មានគំនិត​ថា សេចក្ដីសុខ​របស់ពួកគាត់​ក៏ជាសេចក្ដីសុខ​របស់​ខ្លួនយើងផ្ទាល់​ដែរ។ មិនខុសគ្នាទេ ចំពោះអ្នកដឹកនាំ​ប្រទេស ត្រូវតែមានទំនួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់ចំពោះ​ពលរដ្ឋខ្លួនក្នុងការកសាងប្រទេស ផ្ដល់សេចក្ដីសុខ សន្តិភាព ដល់ប្រជារាស្ត្រ​ប្រកបដោយតម្លាភាព និង​យុត្តិធម៌។ បើប្រជារាស្រ្ត​រស់នៅប្រកបដោយក្ដីសុខសាន្ដ នោះគ្មាននរណា​ម្នាក់ក្រោកឈរឡើងដើម្បីប្រឆាំងតវ៉ា ដែលធ្វើឲ្យសង្គមជាតិមានភាពអាប់អួរ ច្របូក​ច្របល់នោះទេ។

សរុបមក អ្វីដែលខ្ញុំចង់ចែករំលែក គឺយើងត្រូវតែប្រកាន់ភ្ជាប់នូវ “ភាពស្មោះត្រង់ និង ទំនួលខុសត្រូវខ្ពស់” ដើម្បីធ្វើឲ្យ​មាគ៌ាជីវិតយើងទទួល​បាននូវ​ស្នាមញញឹម​ពិត​ប្រកបដោយសេចក្ដីសុខ សុភមង្គល។ ហើយយើងត្រូវតែបណ្ដុះគំនិតថា “សេចក្ដីសុខរបស់អ្នកដទៃ ក៏ជា​សេចក្ដីសុខ​របស់យើង“។ សង្ឃឹមថា ផ្ដើមចេញ​ពីការចែករំលែក​គំនិតដ៏តូច​មួយនេះ អាចកែប្រែជីវិតយើង និងសង្គម​ជាតិយើង​​ឲ្យទៅ​ដល់ទី​ដែល​មានពន្លឺ​ដ៏ត្រចះត្រចង់ ប្រកបដោយ​សេចក្ដីសុខ​ទាំង​អស់គ្នា។ 🙂

បញ្ចេញមតិ