កំណាព្យ “អ្នកម្ដាយ” បទ ព្រហ្មគតិ

    ខ្ញុំសូមលំឳនកាយ                       ស្ដីពីម្ដាយអ្នកមានគុណ

សូមជួយគិតរិះគន់                            បើខ្ញុំមានឆ្គងសំដី ។

    តាំងពីចាប់កំណើត                      ដល់ពេលកើតធំពេញវ័យ

ម្ដាយថ្នាក់ថ្នមបមបី                           ឥតមានពេលបែកបែរឡើយ។

    ម្ដាយផ្ដល់ភាពកក់ក្ដៅ                  ដល់រូបពៅស្រស់ត្រាណត្រើយ

អប់រំឥតលោះឡើយ                          ដើម្បីក្លាយជាបុត្រល្អ ។

    គុណម្ដាយធ្ងន់ណា៎ថ្លៃ                  ល្អប្រពៃស្រស់បវរ

កុំផ្ទឹមនឹងភ្នំថ្ម                                  គឺគ្មានអ្វីប្រៀបឡើយស្ងួន ។

    ម្ដាយស៊ូទ្រាំលំបាក                     ស៊ូតោកយ៉ាកដើម្បីកូន

យប់ខ្លះមិនដេកពួន                           ដើម្បីមើលថែស្ងួនឈឺ ។

    វ័យធំនាំសិក្សា                          ព្រោះប្រាថ្នាមានពន្លឺ

អនាគតរន្ទឺ                                     សំរាប់កូនស្ងួនពិសី ។

    ម្ដាយរកប្រាក់ចំណាយ                ឥតនឿយណាយទាំងយប់ថ្ងៃ

សំរាប់ស្ងួនចរណៃ                             អាចបំពេញតំរូវការ។

    ម្ដាយធ្វើគ្រប់អ្វីៗ                       ឲ្យកូនថ្លៃដូចប្រាថ្នា

ក្ដីសុខទាំងចិន្ដា                                ព្រមទាំងកាយាពាលពៅ ។

    គុណម្ដាយមានច្រើនណាស់           ច្រើនស្អេកស្កះណាឆោមឆ្លៅ

រាប់មិនអស់ទេពៅ                             សូមត្រិះរិះឲ្យគ្រប់ប្រាណ ។

១០  ត្រូវគិតដល់ម្ដាយណា៎                 ថែរក្សាកុំបីខាន

ឲ្យលោកបានសុខសាន្ដ                       ដូចលោកបានផ្ដល់ឲ្យយើង ៕

សរសេរដោយ  គ្រីយ៉ា

បើចង់ទាញយកឯកសារជាទំរង់ PDF សូមចុចត្រង់នេះ

យុវជន និងការចូលរួមក្នុងសង្គម (បទ ពាក្យ៧)

១.      យុវជនខ្មែរពិចារណា                                     ខ្ញុំសូមវាចារដោយស្មោះស្ម័គ្រ

ដោយមិនប្រកាន់ពួកឬបក្ស                          ក្នុងនាមយើងអ្នកគិតដល់ជាតិ។

២.      យើងចាប់ដៃគ្នារួមសាមគ្គី                             នៅគ្រប់ទិសទីកុំឃ្លៀងឃ្លាត

ខិតខំរៀនសូត្រហើយរៀនទៀត                    ដើម្បីជួយជាតិខ្មែរយើងណា៎។

៣.     ខំរៀនឲ្យចេះឲ្យបានស្ទាត់                             ឲ្យចេះប្រាកដឥតមុសារ

កុំប្រើលុយឡានទិញបញ្ញា                            បានបរិញ្ញាឥតតម្លៃ។

៤.      លុបចោលឲ្យបានចរិកថោក                         គំនិតស្មោកគ្រោកណា៎ចរណៃ

ដែលនាំក្ដីទុក្ខមកឲ្យថ្លៃ                                  ឱ!ខ្មែរប្រុសស្រីសូមលះបង់។

៥.      យុវជនខ្មែរជំនាន់ក្រោយ                               សូមកុំបណ្ដោយឲ្យធ្លាក់ផង់

ទៅក្នុងជ្រោះភក់ដ៏ជ្រៅលង់                          ដែលមិនអាចស្រង់ឡើងវិញបាន។

៦.      ពុករលួយនេះជាឫសគល់                             នាំឲ្យយើងពុលភ្លេចសន្ដាន

ភ្លេចជាតិភ្លេចសាសន៍ភ្លេចផៅផាន               ធ្វើម្ដ៉េចឲ្យបានខ្លួនសាន្ដសុខ។

៧.     ថ្នាំញៀននេះទៀតក៏វិនាស                           គ្រួសារព្រាត់ប្រាស់រស់រងទុក្ខ

គ្មានទេសប្បាយគ្មានទេសុខ                           ថ្ងៃនេះថ្ងៃមុខត្រូវជៀសឆ្ងាយ។

៨.      យុវជនខ្មែរត្រូវភ្ញាក់ខ្លួន                                  មើលថែទាំខ្លួនទាំងចិត្តកាយ

ឲ្យស្អាតបរិសុទ្ធណ៎ាឆោមឆាយ                      ជៀសផុតឲ្យឆ្ងាយឧបាយមុខ។

៩.      ខ្មែរយើងត្រូវការអ្នកចេះដឹង                          រឿងអាក្រក់ហ្នឹងមិនត្រូវទុក

លះបង់ឲ្យឆ្ងាយឲ្យផុតទុក្ខ                             ទើបនាំក្ដីសុខមកឲ្យខ្មែរ។

១០.   សូមរៀនឲ្យចេះឆ្នៃប្រឌិត                              មានជំនាញពិតហើយពូកែ

បង្កើតការងារឲ្យកូនខ្មែរ                                មិនមែនត្រឹមតែរកការធ្វើ។

១១.   សូមជួយកែប្រែមុខមាត់ជាតិ                         ដោយខំខ្មៃខ្មៀតរាល់ទង្វើ

ខិតខំកែខៃសព្វសារពើ                                   ឲ្យតែទង្វើនោះស្របច្បាប់។

១២.   បង្កើនផលិតផលខ្មែរយើង                            ឲ្យបានថ្កុំថ្កើងកុំឲ្យអាប់

វត្ថុធាតុដើមយើងមានស្រាប់                         យើងត្រូវប្រញាប់កែឆ្នៃទៅ។

១៣. កិច្ចការផ្សេងទៀតដែលត្រូវធ្វើ                      ខិតខំថែមើល៍ដែនដីនៅ

មិនត្រូវប្រហែសឲ្យសត្រូវ                               សំរុកវាយទៅរាជធានី។

១៤.   អធិបតេយ្យភាពដែនដីខ្មែរ                            យើងត្រូវមើលថែណ៎ាឆវី

លិចកើតជើងត្បូងគ្រប់ទិសទី                        ខែត្ររាជធានីត្រូវតែស្គាល់។

១៥.   មិនថាទេឡាវសៀមឬយួន                             ការពារខ្ជាប់ខ្ជួនមិនទើសទាល់

យើងត្រូវតែដឹងគ្រប់ល្បិចកល                      ការពារទប់ទល់ដើម្បីខ្មែរ។

១៦.   ការងារបន្ទាប់ដែលគួរដឹង                              គឺត្រូវខំប្រឹងមើលថែកេរ្ដ៍

មរតកជាតិរបស់ខ្មែរ                                       យើងត្រូវខំថែគ្រប់ៗប្រាណ។

១៧.  ថែប្រាង្គប្រាសាទជាតិខ្មែរយើង                      ដែលល្អថ្កុំថ្កើងតាមលំអាន

បែបបទរចនាស្រស់ភុំផាន                             ពិភពលោកបានចុះកត់ត្រា។

១៨.   សម្បត្ដិធម្មជាតិស្រស់ត្រកាល                        ដែលរីកដុះដាលល្អអស្ចារ្យ

ដីសុវណ្ណភូមិដ៏ថ្លៃថ្លា                                      សូមថែរក្សាឲ្យគង់វង្ស៕

 

ខ្លឹមសារសង្ខេបរួមនៃកំណាព្យ

គោលបំណងនៃការសរសេរកំណាព្យនេះ គឺដើម្បីបង្ហាញពីតួនាទីសំខាន់ៗចំនួន៣ ដែលយុវជនគ្រប់រូបត្រូវចូលរួមក្នុងសង្គម។ ការចូលរួមទាំងនោះរួមមាន៖

ចូលរួមកែលម្អរខ្លួនឲ្យបានស្អាតស្អំ និងប្រកបដោយគុណភាព

  • ជៀសឲ្យផុតពីអំពើអបាយមុខទាំងឡាយ គ្រឿងញៀន អំពើពុករលួយ។
  • បង្កើនចំណេះដឹង ជំនាញផ្ទាល់ខ្លួនប្រកបដោយគុណភាពខ្ពស់។

ចូលរួមធ្វើជាគម្រូរល្អ និងផ្ដល់ផលប្រយោជន៍ដល់មនុស្សទូទៅ

  • រស់នៅមានសីលធម៌ គុណធម៌ យកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន។
  • បង្កើតការងារ ក៏ដូចជាការផ្ដល់នូវចំណេះដឹង ជំនាញផ្សេងៗដល់មនុស្សទូទៅ។
  • ដោះស្រាយបញ្ហា ដែលមានក្នុងសង្គមតាមដែលអាចធ្វើបាន។

ចូលរួមថែរក្សា ការពារ ដែនដី និងធនធានផ្សេងៗ

  • ថែរក្សា ការពារដែនដី។
  • ថែរក្សា ការពារធនធានដែលមានទាំងធនធានធម្មជាតិ និងកេរ្ដិ៍តំណែលវប្បធម៌ អរិយធម៌ រួមទាំងធ្វើឲ្យប្រសើរឡើងនូវចំណុចខ្វះខាតទាំងឡាយ។

 

សរសេរដោយ ឯល គ្រីយ៉ា

ទាញយកឯកសារជាPDF តាម Link1Link2

កវីកំសត់ (បទ កាកគតិ)

១ . ខ្ញុំជាកវី                             ជីវិតអប្រិយ                    កំសត់ស្នេហា
បានស្នេហ៍ស្រីម្នាក់       រស់សែនឈឺផ្សារ                          ព្រោះស្រស់ជីវ៉ា
អូននាងកែប្រែ ។

២ . រូបបងមិនយល់              ដួងចិត្តនិមល                   មិនស្មោះនឹងស្នេហ៍
សាកសងសំដី              ថាមិនបែកបែរ                 ស្មោះស្ម័គ្រឥតកែ
អស់មួយជីវិត ។

៣ . រូបបងភក្ដី                 ស្មោះស្រស់ពិសី                     ឥតមានកលល្បិច
ដែលចង់បែកបែរ                         ស្នេហ៍តែអូនពិត                   ថ្នាក់ថ្នមវរមិត្រ
មិនឲ្យសៅម៉ង ។

៤ . បងខំសប្បាយ                    ពេលដែលឆោមឆាយ                    ឆ្លើយថាស្នេហ៍បង
សំដីផ្អែមល្អែម                           វាចាសាសង                             ឲ្យរូបខ្ញុំផ្សង
ជួបអូនរហូត ។

៥ . មិនយូរប៉ុន្មាន                         ស្រស់ពៅពុំផាន                         អូនប្រែរបូត
ចាកចេញពីបង                                   ប៉ងលារហូត                           ធ្វើឲ្យបងឆ្កួត
ព្រោះបាត់វរមិត្រ ។

៦ . អូនមិនវាចារ                                    ប្រាប់ដល់រៀមរ៉ា                          ឲ្យបានអស់ចិត្ត
ហេតុអ្វីនឹមនួន                            ស្ងួននាងប្រែចិត្ត                                ធ្វើឲ្យជីវិត
បងសែនមួរម៉ង ។

៧ . បើអូនមិនស្នេហ៍                             គួរណាស់មាសមេ                               ប្រាប់ពីដំបូង
កុំឲ្យបងលង់                                       ក្នុងជ្រោះភក់ផង់                       ជ្រោះស្នេហ៍ល្ងិតល្ងង់
មិនអាចស្ដារបាន ។

៨ . នឹកស្មានមិនដល់                                       ថាចិត្តនិមល                               អូនប្រែសាមាន្ដ
លេងសើចនឹងបង                          ដែលស្មោះកល្យាណ                       អូននាងប្រែប្រាណ
ឲ្យបងសោកា ។

៩ . បើមានគូរហើយ                                   ម្ដេចពៅត្រាណត្រើយ                            អូនមិនវាចា
ប្រាប់ឲ្យតាមត្រង់                               នោះបងមិនថា                            បងនឹងសុំលា
លាដោយអស់ចិត្ត។

១០. បងតែងប្រាប់អូន                      សូមស្រស់នឹមនួន                         ស្មោះហើយត្រង់ពិត
កុំកុហក់បង                                 ស្នេហ៍ស្នងវរមិត្រ                        សូមអូនអាណិត
ចិត្តបងដែលស្មោះ ។

១១. ហើយបងដឹងថា                             រូបបងនេះណា                          មិនមានអ្វីសោះ
ក្រទាំងសម្បត្តិ                            រូបកាយមិនស្រស់                           មានតែចិត្តស្មោះ
ចំពោះស្នេហា ។

១២. បងមិនពូកែ                    សាសងលួងស្នេហ៍                           បំពេញចិន្ដា
តំរូវចិត្តអូន                                     នឹមនួនកន្និឋា                          ឲ្យស្ងួនពុំងារ
អូនគាប់ប្រាថ្នា ។

១៣. រូបខ្ញុំអភ័ព្វ                           ក្រសម្បត្ដិទ្រព្យ                                    ក្រទាំងស្នេហា
ក្រទាំងសំដី                                   ផ្តោះផ្ដងវោហា                       នឹកគិតកាលណា
អាណិតខ្លួនឯង ។

១៤. ណ្ហើយឈប់ស្ដី                             រឿងដែលអប្រិយ                           កន្ដោចកន្ដែង
គិតដល់រឿងស្រី                             នាំក្ដីចំបែង                        ឈប់ប្រលែងលេង
ក្នុងរឿងស្នេហា ។

១៥. បងជូនពរស្រី                              សូមស្រស់ចរណៃ                       បានក្ដីសុខណ៎ា
ជួបនឹងអ្នកថ្មី                                   ស្រីពេញចិន្ដា                          ចេះថ្នមកន្និឋា
ឲ្យសុខនិរន្ដន៍ ៕

តាក់តែងដោយ  គ្រីយ៉ា

KakkeTe_Form

បណ្ដាញ​យុវជន​ ដើម្បី​អភិវឌ្ឍន៍​សហគមន៍

“បណ្ដាញយុវជន ដើម្បីអភិវឌ្ឍន៍សហគមន៍ (Youth Network for Community Development)” ត្រូវបានបង្កើតឡើងដោយក្រុមយុវជន ដែលមានឆន្ទៈមុះមុត​​ដើម្បីបណ្ដុះធនធាន​យុវជនដែល​ប្រកបដោយ​សក្ដានុពល ក្នុងការចូលរួម​កែប្រែមុខមាត់សហគមន៍ឲ្យបានប្រសើរឡើង និង​រស់នៅរួមគ្នា​ប្រកបដោយ​សុខ​ដមរម្យនា។ ពួកយើងធ្វើការរួមគ្នា ដោយគោរពឆ្ទៈគ្នា  ឲ្យតំលៃគ្នាទៅវិញទៅមក និង​​រួម​គ្នា​ស្វែង​រក​ផល​ប្រយោជន៍​ជូន​ដល់​សង្គម​ជាតិ​ ដោយប្រកាន់ភ្ជាប់នូវបាវចនា៖

តម្លាភាព សមភាព ប្រសិទ្ធិភាព ឯករាជ្យភាព!

Transparency Equality Efficiency Independence!

YNCD ចក្ខុវិស័យ (Vision) ៖

បង្កើនគុណភាពនៃធនធានមនុស្ស ជាពិសេសយុវជន ក្នុងការបំពេញ​ការងារ​ប្រកប​ដោយ​ទំនួលខុសត្រូវ ដើម្បី​ចូលរួម​កសាង​សង្គមមួយ​ដែលរុងរឿង ស្អាតស្អំ ឯករាជ្យ និង​សុខដមរម្យនា។

Improve the quality of human resources, particularly youth to work with accountability to build a prosperous society, clean, independence, and harmony.

បេសកកម្ម (Mission) ៖

ផ្សព្វផ្សាយ អប់រំ ពង្រឹងសមត្ថភាព ជំនាញ រួមទាំង Soft Skill និង Critical thinking របស់យុវជន ស្របទៅតាមសម័យកាលសាកលភាវូនីយកម្ម និង ការរីកចំរើននៃបច្ចេកវិទ្យា។

ផ្លាស់ប្ដូរផ្នត់គំនិត (Mind-set) របស់យុវជន ក៏ដូចជាប្រជាពលរដ្ឋក្នុងសហគមន៍ ឲ្យផ្ដល់តំលៃទៅលើការអប់រំទាំងផ្នែកសង្គម និងវិទ្យាស្រ្ត។

ស្វែងយល់ វិភាគបញ្ហាដែលមាននៅតាមមូលដ្ឋាន និងផ្ដល់ដំណោះស្រាយឲ្យបានសមរម្យ និងស្របតាមពេលវេលា។

ផ្លាស់ប្ដូរស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍ឲ្យឈានទៅរកភាពល្អប្រសើរ ដែលជាមូលដ្ឋានបង្កើតបានសង្គមមួយដែលរីកចំរើនរុងរឿង។

Visit this link to know more about YNCD: https://www.facebook.com/yncd.cambodia

បរិយាកាសសង្គម​កម្ពុជា និង​ការចូលរួម​អភិវឌ្ឍន៍ជាតិរបស់​យុវជន

យុវជន​​គឺ​ជា​ធនធានស្នូល​នៅក្នុង​ការ​កំណត់​អនាគត់​របស់​សង្គម​ជាតិ។ មិន​ថា​ជាតិសាសន៍​​ណាក៏​ដោយ ការ​អភិវឌ្ឍ​សង្គមជាតិ គឺ់ជាតួនាទីរបស់​​អ្នកដឹកនាំ និងប្រជាពលរដ្ឋទូទៅ ហើយក្នុងនោះយុវជន​​គឺជា​ធនធាន​មួយមិនអាច​ខ្វះបាន។ តួនាទីរបស់អ្នក​ដឹកនាំ​ប្រទេស​ ក៏ត្រូវ​ផលិតនូវធនធាន​យុវជន​ដែលប្រកបដោយ​គុណភាព​ខ្ពស់ (មានគំរិតអប់រំ​​ខ្ពស់ សមត្ថភាពខ្ពស់ ភាពឈ្លាសវៃ ហើយ​ប្រកប​ដោយ​សីលធម៌​ឧត្ដមគតិ សេ្នហា និង​ ចូលរួមអភិវឌ្ឍន៍ជាតិពិតប្រកដ​) ។​ ប៉ុន្តែបើ​សង្កេត​ទៅមើលស្ថានភាព​សង្គម​កម្ពុជា​បច្ចុប្បន្ន គឺ​ប្រកប​ដោយភាពអនាធិបតេយ្យ​ (មិនមែន​ប្រជាធិបតេយ្យទេ) ភាពមិនច្បាស់លាស់​របស់​ថ្នាក់​ដឹកនាំ បរិយាកាសអប់រំ មិនប្រក្រតី អំពើពុករលួយ ជាពិសេសការលាបពណ៌ពីសទៅ​ខ្មៅ ពីខ្មៅទៅស ភាពគ្មាន​​ទំនួលខុសត្រូវ។ បញ្ហា​ទាំងនេះ​បាន​កំពុង​​ដឹកនាំ​មាគ៌ាប្រទេសនេះ​​​ឲ្យឈាន​ទៅរក​ការអភិវឌ្ឍ​មួយ​ប្រកបដោយភាពមិនច្បាស់លាស់​ មិនថាវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការអភិវឌ្ឍន៍​ធនធានមនុស្សផងដែរ។ ដោយ​ស្ថានភាព​បែបនេះ​​ហើយ ទើបធ្វើ​​ឲ្យធនធាន​យុវជន​មួយចំនួនធំ​មិនមែន​​ជាធនធានដែលចូលរួមអភិវឌ្ឍន៍ជាតិពិត​ប្រាកដ តែផ្ទុយទៅវិញ​ជាធនធាន​ដែលចូលរួម​​បំផ្លាញជាតិ។

តាមរយះការសង្កេត​ តាមដានពីបរិយាកាសសង្គមកម្ពុជា​ខ្ញុំ​អាច​ធ្វើការ​សង្ខេប​ជា​បួន​សណ្ឋាន​សំខាន់ៗដូចខាងក្រោម៖

១. បរិយាកាស​សង្គមដែល “ភ្នែកភ្លឺ តែ​មើលមិនឃើញអ្វីដែលជា​ការពិត” ។ ដោយសារ​សង្គមមួយ​​ប្រកប​ដោយ​ភាពអនាធិបតេយ្យ ការលាបពណ៌បិទបាំង​នូវការ​ពិត ភាពគ្មានទំនួល​ខុស​ត្រូវ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូច​ជាយុវជន​​មួយ​ចំនួនធំដែលមិន​បាន​រិះគិត​ពិចារណា និង ស្វែងយល់ពីការពិត ធ្លាក់ទៅក្នុងរណ្ដៅ​មួយដែល​ងាយ​ស្រួលឆបោក និង​គេងប្រវ័ញ្ច​យក​ចំណេញ​សំរាប់​បក្សពួក​ ​ក្រុមគ្រួសារ អ្នក​ដែលមានលុយ​ មានអំណាច។

២. បរិយាកាស​សង្គមដែល “ត្រចៀក​ស្ដាប់លឺតែស្ដាប់មិន​លឺនូវអ្វីដែលជាការពិត“។ បញ្ហានេះគឺ​កំពុង​ស្ថិតនៅ​ក្នុង​កំរិត​​មួយ​ដែល​ធ្ងន់ធ្ងរ​ក្នុង​​សង្គមខ្មែរ​បច្ចុប្បន្ន។ ជាក់ស្ដែង​ប្រព័ន្ធ​ផ្សព្វផ្សាយមួយ​ចំនួនធំ បាន​កំពុងចូលរួម​យ៉ាងសកម្ម​​ក្នុងការ​ផ្សព្វផ្សាយ​ពត៌មានមិនពិត ពត៌មាន​ដែលមិនឆ្លុះ​បញ្ចាំងពីតត្តភាព​ជាក់ស្ដែងរបស់សង្គម មិន​ឆ្លុះបញ្ចាំងពីភាពក្រីក្រ មិនឆ្លុះបញ្ចាំងពីទុក្ខ​លំបាក​របស់​រាស្រ្ដ ។ មិន​តែប៉ុណ្ណោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​បាននឹងកំពុងផ្សព្វផ្សាយពីភាព​សប្បាយរីករាយ ពី​ការ​ភ្លើត​ភ្លើន ដែលធ្វើឲ្យយុវវ័យ​ឆ្លក់​វង្វេង និង​ភ្លេចគិត​ពី​ការចូលរួមកែប្រែសង្គមជាតិ​​ឲ្យបានល្អប្រសើរ ។ ​បញ្ហានេះ​ហើយ​​ដែលធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជាអ្នក​ស្ដាប់​មិនបានទទួល​ មិន​បាន​ស្ដាប់​លឺពត៌មានពិត ព្រោះអ្នក​ដែល​ផ្ដល់ពត៌មាន គ្មានមនសិការ​ក្នុងការ​បង្ហាញ​ចំនុចមិនល្អ​របស់ខ្លួន ដើម្បីកែលំអរទាំងអស់គ្នា។

៣. បរិកាស​សង្គម​ដែល “មាត់និយាយបាន តែមិនអាចនិយាយនូវអ្វីដែលជាការពិត“។ ការបញ្ចេញ​មតិយោបល់​ ដែល​ឆ្លុះ​បញ្ចាំង​ពីបញ្ហាសង្គម ពីតំរូវការ​របស់​ប្រជាពលរដ្ឋ គឺជាតំរូវការ​​ចាំបាច់ និង​អាចនិយាយ​បាន​ដោយ​សេរី ក្នុង​សង្គមមួយដែល​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រកដ ។​ តែផ្ទុយ​ទៅវិញ​ នៅ​ក្នុង​សង្គម​កម្ពុជាបច្ចុប្បន្ន បានរិតត្បិត គំរាមកំហែង និង​វាយ​ប្រហារ​ដល់ជនណា​​ដែល​ហ៊ាន​និយាយ​ការពិត ឬក៏តស៊ូ​មតិ​​ដើម្បី​ស្វែងរក​ការពិត​ ត្រឹម​ត្រូវ ។ ជាក់ស្ដែង​ដូច​ជា​អ្នកកាសែត អ្នកតស៊ូមតិ ប្រឆាំងតវារកការពិត​យុត្តិធម៌ សំរាប់តំបន់បឹងកក់ បុរីកីឡាជាដើម ត្រូវបាន​គំរាម​គំហែង​ វាយធ្វើបាប និងចាប់យកទៅដាក់គុក​ដោយ​អយុត្តិធម៌។

៤. បរិយាកាស​សង្គមដែល​ “មានគំនិត តែគ្មានឱកាស​ប្រើប្រាស់គំនិត“។ ដោយ​ប្រកាន់​យកនូវ​របប​បក្សពួកនិយម ​របប​អំពើពុករលួយ បានធ្វើឲ្យឱកាស​នៃការចូលរួមរបស់​ប្រជាពលរដ្ឋ ជាពិសេសគឺ​យុវជន​មានភាព​មិន​ស្មើគ្នា។ កត្តានេះបាន​​ធ្វើ​ឲ្យ​បាត់បង់ ធនធាន​យុវជន​​ដែលមាន​គុណភាពពិត​ប្រាកដក្នុងការ​​ចូលរួម​​កែប្រែសង្គម​ជាតិ​ឲ្យបាន​ល្អប្រសើរ។ នៅបណ្ដា​ប្រទេស​អភិវឌ្ឍន៍ ក៏ដូច​ជាប្រទេសកំពុង​អភិវឌ្ឍន៍​ជាច្រើន គឺ​គេ​ត្រូវការយុវជន ដែលមានគុណភាពពិត​ប្រាកដ មាន​គំនិតច្នៃប្រឌិត និងឈ្លាសវៃ ក្នុងការ​ចូលរួម​យ៉ាងសកម្មបំរើដល់​សេចក្ដី​ត្រូវការ ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ជាតិ ក៏ដូចជា​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ទូទៅ​ ។

តាមរយៈការបកស្រាយ​ដោយ​សង្ខេប​ខាងលើ ខ្ញុំបាទក្នុងនាម​ជាប្រជាពលរដ្ឋ ក៏ដូចជាយុវជនមួយ​រូប គ្រាន់តែចង់ចូលរួម​ចែករំលែក និងបង្ហាញពី​តត្តភាព​សង្គមកម្ពុជា​បច្ចុប្បន្ន។ ​បញ្ហាទាំង​នេះ គឺ​ជា​រនាំង​ដ៏ចំបង​មួយ​ដល់​ការ​ចូល​រួម​របស់​យុវជន​ក្នុង​ស្ថាបនា​ជាតិ។ ការសន្និដ្ឋានទាំងនេះ គឺបាន​មក​តាមរយៈការ​​សង្កេត​តាមដាន​ និង​ស្វែងយល់​ការពិត មួយរយៈកន្លង​មកនេះ។ ដូច្នេះ​ ក្នុង​នាមយើង​ជា​ប្រជាពលរដ្ឋ ក៏ដូចជាយុវជន ដែលជា​ធនធានស្នូល​ក្នុង​ការអភិវឌ្ឍន៍​ជាតិ​ យើង​ត្រូវ​តែចូល​រួម​លុប​បំបាត់បរិយាកាស​សង្គមដ៏​អាក្រក់ដូចដែលរៀបរាប់​ខាង​លើ ឲ្យសាប​សូន្យ​ពី​សង្គម​ជាតិ​យើង។ ដើម្បីលុបបំបាត់បញ្ហាទាំង​នេះបាន​ មាន​កិច្ចការ​មួយចំនួនដែល​យើងត្រូវធ្វើរួមគ្នា​ ដូចជា៖ ដំបូងយើង​ត្រូវ​តែចាប់ផ្ដើមផ្លាស់ប្ដូរ​ផ្នត់​គំនិត​​របស់​យើង​ផ្ទាល់​ (ផ្លាស់ប្ដូរពីអាត្មានិយម បក្សពួក ក្រុមគ្រួសារ​និយម ទៅជាជាតិ​និយម) ​ហើយ​ត្រូវ​តែពង្រឹង​សមត្ថភាព និង​បង្កើន​ចំណេះ​ដឹង​ឲ្យ​បាន​ទូលំ​ទូលាយ​។ បន្ទាប់​មក​ត្រូវ​តែ​ចែករំលែក និងផ្ដល់ពត៌មាន​ពិត​ ដល់បងប្អូន សាច់ញាតិ ក្រុម​គ្រួសារ មិត្តភក្ដិទាំងឡាយ​ ដើម្បីឲ្យពួកគាត់​ស្វែងយល់​ និង​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ទៅរកភាព​ល្អប្រសើរ​ដូចយើង​ដែរ។ ការងារ​មួយ​ទៀត​ គឺ​ត្រូវតែមានសាមគ្គីភាព អំនត់​តស៊ូ និង​មិនអស់សង្ឃឹមក្នុង​ការ​ស្វែង​រក​ការពិត យុត្តិធម៌​ជូន​សង្គម​ជាតិ។ កិច្ចការបន្ទាប់នោះគឺ មនសិការ និង​ការឲ្យតំលៃខ្ពស់​ចំពោះគ្នា​ទៅវិញ​ទៅមក និងរើសយក​​អ្នក​ដឹក​នាំដែល​ប្រកប​ដោយសមត្ថភាព ឧត្ដមគតិ ​គុណធម៌ សីលធម៌ និង​​​​ឆន្ទៈស្នេហាជាតិ​ពិត​​ប្រាកដ។

នៅពេល​ដែលយើងអាច​លុប​បំបាត់បរិយាកាសដ៏​អាក្រក់​​​នៅក្នុង​សង្គម​ជាតិ​យើងបាន​ នោះយើង​នឹង​អាច​ចូលរួម​​ធ្វើ​ការ​សំរេចចិត្តទាំងអស់គ្នា ដើម្បី​កែប្រែមុខ​មាត់​ជាតិឲ្យមាន​ការរីកចំរើនពិតប្រាកដលើ​គ្រប់វិស័យ មាន​សេចក្ដី​សុខ​សន្តិភាព សេរីភាព និងប្រកប​ដោយលទ្ធិ​ប្រជាធិបតេយ្យ​ពិ​តប្រាកដ។

តើព្រោះហេតុអ្វី? (កំនាព្យ បទពាក្យ៧)

១» តើព្រោះហេតុអ្វីជួបទុក្ខា?                 ជួបរឿងខ្លោចផ្សាឥតពេលល្ហែរ

     បានត្រឹមស្រលាញ់ឥតបានក្បែរ         កសាងក្ដីស្នេហ៍ស្មោះមិន​បាន។

២» ខុសឆ្គងយ៉ាងណាម្ដេចប្រកាន់?         ស្រស់ពៅកំណាន់ប្រាប់បងបាន

     អភ័យទោសាណាកណ្យាណ            ទើបយើង​ពីរប្រាណ​បាន​សុក្ខា។

៣» តើព្រោះហេតុអ្វីមិន​ស្មោះត្រង់?         ចិត្តល្អផូរផង់​បាត់​ទៅណា?

      កាលគ្រាដំបូងស្មោះស្នេហា              វាចាម្ដេចម្ដាក៏ប្រណី។

៤» បងធ្លាប់រីករាយ​និងពិសី                   វាចាភក្ដីសែន​ពីរោះ

     សារសង​មិន​ថាជ្រុលលើសលួស        នៅតែលើកទោសដោយ​ស្រលាញ់។

៥» តើព្រោះហេតុអ្វីអូនចុះចាញ់             ថាមិន​ស្រលាញ់បងសោះឡើយ

     ចាញ់ព្រហ្មលិខិតប្រែកន្តើយ             អូនលាបងហើយ​គ្មាន​មេត្តា។

៦» ហេតុអ្វីបង​មិនអាច​វាចារ                  ដោះស្រាយបញ្ហា​នឹង​ស្រស់ស្រី

     អូនចាកចោលបងគ្មានប្រណី            មិនស្ដាប់សំដីបងបកស្រាយ។

៧» ហេតុអ្វីមិនគិត​ស្រណោះស្ដាយ         ដែល​យើង​ពីរកាយ​បាន​តស៊ូ

      កសាងក្ដីស្នេហ៍មកជាយូរ                 ហេតុអ្វីត្រូវប្ដូរយក​បែកគ្នា?

៨» បងនៅតែគិតស្រស់ពុំងារ                 គ្រប់ពេលវេលាគ្រប់នាទី

     នឹកស្រស់ពាលពៅឆោមឆវី               គ្មានអ្នកទី២ក្នុងចិត្តឡើយ។

៩» បងនៅសង្ឃឹមយើង​បាន​ស្បើយ         បាន​នៅកៀកកើយ​គូរវាសនា

      សូមគិតជាថ្មីណាកន្និដ្ឋា                   មិន​ថាពេលណាបងរង់ចាំ។

១០» ស្នេហ៍បងស្នេហ៍ពិតទោះយូរឆ្នាំ       មិនអាចប្រែះស្រាំបាត់បង់ឡើយ

        ឲ្យតែរូបអូន​មិន​កន្តើយ                 ស្នេហ៍យើង​ដល់​ត្រើយ​ក្ដីសុខសាន្ដ។

តាក់តែងដោយ  គ្រីយ៉ា

Beak7_Form

ចាំមើល​ទាំងអស់គ្នា​ តើ​កម្ពុជាមាន​អ្វី​ប្លែកសំរាប់​ឆ្នាំ​ ២០១៣?

ពី១វិនាទីទៅ១វិនាទី គឺ​អាច​ផ្លាស់ប្ដូរអ្វីបានគ្រប់យ៉ាង មិនថាជាលក្ខណៈធម្មជាតិ ឬក៏ជាការផ្លាស់ប្តូរ​ដោយ​មនុស្សលោក​។ បើនិយាយ​​ពី​ចរិករបស់​មនុស្សវិញ​ក៏អាចផ្លាស់​ប្ដូរ​បាន​​ដោយ​ងាយ ជាពិសេស​​មាន​និន្នា​ការផ្លាស់​ប្តូរ​ទៅ​បរិយាកាស​​សង្គម​ជុំវិញ​ដែលខ្លួន​កំពុង​​រស់​នៅ។ រីឯ​បរិយាកាស​​សង្គម ឬ​បរិយាកាស​​សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រទេស​​មួយ​​ក៏​អាច​ផ្លាស់​ប្ដូរ​​ទៅ​តាម​ពេល​វេលា​ផង​ដែរ។ តែអ្វី​ដែល​​សំខាន់​គឺ​ថា តើ​​ការ​ផ្លាស់​ប្តូរ​​នេះ​ទៅ​​កាន់​ភាព​​ល្អ​ប្រសើរ​ជាង​មុន ឬក៏​កាន់​​តែ​ឈាន​ទៅ​រក​ផ្លូវ​ដែល​កាន់​តែខ្មៅងងឹត? ជាការពិតណាស់​ យើង​គ្រប់គ្នា​ប្រាកដជាប្រាថ្នា​​ចង់​បាន​ការ​ផ្លាស់​ប្តូរ​ដែល​​ល្អ​​ប្រសើរ​ជាង​មុន​​ ហើយ​ក៏គ្មាន​អ្នក​ណាម្នាក់​ចង់​ឲ្យ​​ខ្លួន​​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​រហូត​​​នោះ​ដែរ​។ កិច្ចការ​ដែល​ចាំបាច់​​ត្រូវ​ធ្វើ​ គឺត្រូវមាន​​ផែន​ការ​ឲ្យ​​បាន​ច្បាស់​លាស់​ ដើម្បី​កែប្រែ​ជីវិត​​របស់​ឲ្យ​​យើង​ឲ្យ​​កាន់​តែ​ប្រសើរ​ កាន់​តែ​មាន​ន័យ​ ពី​១ថ្ងៃទៅ​១ថ្ងៃ។

ក្រឡែក​​មក​មើល​​ស្ថាន​ភាព​ប្រទេស​របស់​យើង​វិញ តើ​បាន​ដើរ​ដល់​ផ្លូវ​ណា​ហើយ? អភិវឌ្ឍក្នុង​ផ្លូវអវិជ្ជមាន? ផ្លូវវិជ្ជមាន? តើផែន​ការ​៥ឆ្នាំ​​របស់​រដ្ឋាភិបាល​​បាន​អនុវត្ដដល់​កំរិត​ណា​ហើយ?​ តើស្ថានភាពនយោបាយ​យ៉ាង​ណាដែរ?​ នៅសល់​ពេល​​មិន​ដល់​១ឆ្នាំទៀត​ទេ ការ​បោះឆ្នោត​សាកល​នឹង​​ធ្វើ​ឡើង​​ម្ដង​ទៀត​ហើយ តើ​ឆ្នាំ២០១៣​នេះ ប្រទេស​កម្ពុជា​យើង​នឹង​មាន​អ្វី​ប្លែកទៀតទេ​? សំនួរទាំង​អស់​នេះ​ គឺ​យើង​ទាំង​អស់​គ្នា​​ត្រូវ​អង្គុយ​សញ្ចឹង​គិត​ និង​តាម​ដាន​ពី​ស្ថានភាព​​ប្រទេស​យើង​ឲ្យ​បាន​ម៉ត់ចត់ ជាក់ច្បាស់​ ទើប​អាច​ធ្វើ​ការ​សន្និដ្ឋាន​​​បាន​ត្រឹម​ត្រូវ និង​មិន​ធ្វើឲ្យ​យើង​មាន​វិប្បដិសារី​ក្រោយ​ពេល​​​ជ្រើស​រើស​អ្នក​ដឹក​។ អ្វី​ដែល​ខ្ញុំ​ចង់​រំលឹក​ដល់​អ្នក​ទាំង​អស់​គ្នា រួម​ទាំង​ខ្លួន​ខ្ញុំ​ផ្ទាល់​ គឺត្រូវ​ចងចាំថា​ កុំតែងតែ​ប្រៀបធៀប​ខ្លួនឯង​កាលពី​នៅ​កុមារភាព ជាមួយនឹង​ខ្លួន​យើង​ពេល​ពេញ​វ័យ​ តែត្រូវប្រៀបធៀប​ជាមួយ​អ្នក​ដទៃ ក៏ដូច​ជា​ស្ថានភាពនៅ​វិញ​ខ្លួន​យើង​!”។​​ ដូចគ្នាដែរ​ស្ថានភាពប្រទេស​មួយ​ មិន​អាច​​យក​ទៅ​ប្រៀប​ផ្ទឹម​តែ​នឹង​ស្ថានភាពប្រទេស​នោះខ្លួនឯង​កាល​ពី​​ច្រើន​​ឆ្នាំ​មុននោះទេ តែ​ត្រូវ​ក្រឡែក​​មើល​ទៅ​ប្រទេសជិត​ខាង ក៏​ដូច​ជា​ប្រទេស​​ដែល​គេ​ដើរ​ទៅ​មុខ​យើង​។ ហើយក៏​ត្រូវ​តែ​គិត​យក​​យុត្តិសាស្រ្ត​ដែល​​ត្រូវ​នឹង​ស្ថាន​ភាព​ប្រទេសយើង ដើម្បី​ធ្វើ​ការ​កែលំអរ​ចំនុច​ខ្វះខាត និង​កែ​ប្រែឲ្យ​ទៅ​រក​ភាពល្អ​ប្រសើរ​​ដូច​គេ។ ដូចច្នេះ យើង​ត្រូវ​ចូលរួម​តាមដាន និង​ចែក​រំលែក​ទាំង​អស់គ្នា​ ដើម្បី​ជួយដាស់តឿនគ្នា​ទៅ​រក​ផ្លូវដែល​ល្អប្រសើរ និង​កែប្រែស្ថាន​ភាព​​ប្រទេសយើង​ឲ្យ​បាន​ល្អ​ប្រសើរ​ទៅជាប្រទេស​អភិវឌ្ឍ​មួយដែលមាន​ឈ្មោះ​លើ​ឆាក​​អន្តរជាតិ​។

ឥឡូវយើង​ត្រូវ​ចាប់​ផ្តើម​ត្រិះរិះពិចារណា និង​តាម​ដាន​ទាំង​អស់​គ្នា​ តើ​កម្ពុជាយើង​នឹង​មាន​អ្វី​ប្លែក​ក្នុង​ឆ្នាំ២០១៣? ហើយ​ក៏កុំភ្លេច​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា​ជ្រើស​រើស​អ្នក​ដឹក​នាំ​ដែល​មាន​ឧត្ដម​គិតិ ​ឆន្ទះ​ស្នេហាជាតិ ​គិតគូរនិង​ដឹង​ពីសុខទុក្ខពិតប្រាកដ​របស់​ប្រជាពល​រដ្ឋ​​ ដើម្បីធ្វើការជាមួយ​គ្នា​ឲ្យ​ឈានទៅ​ដល់​គោល​ដៅមួយ​ដែល​យើង​គ្រប់គ្នា​រស់​នៅ​ដោយ​ភាព​សុខសាន្ដ​ សន្តិភាព និង​សេរីភាព​ពិត​ប្រាកដ

អ្នកដឹកនាំល្អ គឺជា​អ្នក​ដែលឲ្យតំលៃខ្ពស់​ចំពោះ​អ្នក​ដែល​ខ្លួន​ដឹក​នាំ

OPPOSITION PROTESTERS MARCH IN PHNOM PENH

Cambodia_info

IMG_1255

traffic-dangers