កវីកំសត់ (បទ កាកគតិ)

១ . ខ្ញុំជាកវី                             ជីវិតអប្រិយ                    កំសត់ស្នេហា
បានស្នេហ៍ស្រីម្នាក់       រស់សែនឈឺផ្សារ                          ព្រោះស្រស់ជីវ៉ា
អូននាងកែប្រែ ។

២ . រូបបងមិនយល់              ដួងចិត្តនិមល                   មិនស្មោះនឹងស្នេហ៍
សាកសងសំដី              ថាមិនបែកបែរ                 ស្មោះស្ម័គ្រឥតកែ
អស់មួយជីវិត ។

៣ . រូបបងភក្ដី                 ស្មោះស្រស់ពិសី                     ឥតមានកលល្បិច
ដែលចង់បែកបែរ                         ស្នេហ៍តែអូនពិត                   ថ្នាក់ថ្នមវរមិត្រ
មិនឲ្យសៅម៉ង ។

៤ . បងខំសប្បាយ                    ពេលដែលឆោមឆាយ                    ឆ្លើយថាស្នេហ៍បង
សំដីផ្អែមល្អែម                           វាចាសាសង                             ឲ្យរូបខ្ញុំផ្សង
ជួបអូនរហូត ។

៥ . មិនយូរប៉ុន្មាន                         ស្រស់ពៅពុំផាន                         អូនប្រែរបូត
ចាកចេញពីបង                                   ប៉ងលារហូត                           ធ្វើឲ្យបងឆ្កួត
ព្រោះបាត់វរមិត្រ ។

៦ . អូនមិនវាចារ                                    ប្រាប់ដល់រៀមរ៉ា                          ឲ្យបានអស់ចិត្ត
ហេតុអ្វីនឹមនួន                            ស្ងួននាងប្រែចិត្ត                                ធ្វើឲ្យជីវិត
បងសែនមួរម៉ង ។

៧ . បើអូនមិនស្នេហ៍                             គួរណាស់មាសមេ                               ប្រាប់ពីដំបូង
កុំឲ្យបងលង់                                       ក្នុងជ្រោះភក់ផង់                       ជ្រោះស្នេហ៍ល្ងិតល្ងង់
មិនអាចស្ដារបាន ។

៨ . នឹកស្មានមិនដល់                                       ថាចិត្តនិមល                               អូនប្រែសាមាន្ដ
លេងសើចនឹងបង                          ដែលស្មោះកល្យាណ                       អូននាងប្រែប្រាណ
ឲ្យបងសោកា ។

៩ . បើមានគូរហើយ                                   ម្ដេចពៅត្រាណត្រើយ                            អូនមិនវាចា
ប្រាប់ឲ្យតាមត្រង់                               នោះបងមិនថា                            បងនឹងសុំលា
លាដោយអស់ចិត្ត។

១០. បងតែងប្រាប់អូន                      សូមស្រស់នឹមនួន                         ស្មោះហើយត្រង់ពិត
កុំកុហក់បង                                 ស្នេហ៍ស្នងវរមិត្រ                        សូមអូនអាណិត
ចិត្តបងដែលស្មោះ ។

១១. ហើយបងដឹងថា                             រូបបងនេះណា                          មិនមានអ្វីសោះ
ក្រទាំងសម្បត្តិ                            រូបកាយមិនស្រស់                           មានតែចិត្តស្មោះ
ចំពោះស្នេហា ។

១២. បងមិនពូកែ                    សាសងលួងស្នេហ៍                           បំពេញចិន្ដា
តំរូវចិត្តអូន                                     នឹមនួនកន្និឋា                          ឲ្យស្ងួនពុំងារ
អូនគាប់ប្រាថ្នា ។

១៣. រូបខ្ញុំអភ័ព្វ                           ក្រសម្បត្ដិទ្រព្យ                                    ក្រទាំងស្នេហា
ក្រទាំងសំដី                                   ផ្តោះផ្ដងវោហា                       នឹកគិតកាលណា
អាណិតខ្លួនឯង ។

១៤. ណ្ហើយឈប់ស្ដី                             រឿងដែលអប្រិយ                           កន្ដោចកន្ដែង
គិតដល់រឿងស្រី                             នាំក្ដីចំបែង                        ឈប់ប្រលែងលេង
ក្នុងរឿងស្នេហា ។

១៥. បងជូនពរស្រី                              សូមស្រស់ចរណៃ                       បានក្ដីសុខណ៎ា
ជួបនឹងអ្នកថ្មី                                   ស្រីពេញចិន្ដា                          ចេះថ្នមកន្និឋា
ឲ្យសុខនិរន្ដន៍ ៕

តាក់តែងដោយ  គ្រីយ៉ា

KakkeTe_Form

បញ្ចេញមតិ