កវីកំសត់ (បទ កាកគតិ)

១ . ខ្ញុំជាកវី                             ជីវិតអប្រិយ                    កំសត់ស្នេហា
បានស្នេហ៍ស្រីម្នាក់       រស់សែនឈឺផ្សារ                          ព្រោះស្រស់ជីវ៉ា
អូននាងកែប្រែ ។

២ . រូបបងមិនយល់              ដួងចិត្តនិមល                   មិនស្មោះនឹងស្នេហ៍
សាកសងសំដី              ថាមិនបែកបែរ                 ស្មោះស្ម័គ្រឥតកែ
អស់មួយជីវិត ។

៣ . រូបបងភក្ដី                 ស្មោះស្រស់ពិសី                     ឥតមានកលល្បិច
ដែលចង់បែកបែរ                         ស្នេហ៍តែអូនពិត                   ថ្នាក់ថ្នមវរមិត្រ
មិនឲ្យសៅម៉ង ។

៤ . បងខំសប្បាយ                    ពេលដែលឆោមឆាយ                    ឆ្លើយថាស្នេហ៍បង
សំដីផ្អែមល្អែម                           វាចាសាសង                             ឲ្យរូបខ្ញុំផ្សង
ជួបអូនរហូត ។

៥ . មិនយូរប៉ុន្មាន                         ស្រស់ពៅពុំផាន                         អូនប្រែរបូត
ចាកចេញពីបង                                   ប៉ងលារហូត                           ធ្វើឲ្យបងឆ្កួត
ព្រោះបាត់វរមិត្រ ។

៦ . អូនមិនវាចារ                                    ប្រាប់ដល់រៀមរ៉ា                          ឲ្យបានអស់ចិត្ត
ហេតុអ្វីនឹមនួន                            ស្ងួននាងប្រែចិត្ត                                ធ្វើឲ្យជីវិត
បងសែនមួរម៉ង ។

៧ . បើអូនមិនស្នេហ៍                             គួរណាស់មាសមេ                               ប្រាប់ពីដំបូង
កុំឲ្យបងលង់                                       ក្នុងជ្រោះភក់ផង់                       ជ្រោះស្នេហ៍ល្ងិតល្ងង់
មិនអាចស្ដារបាន ។

៨ . នឹកស្មានមិនដល់                                       ថាចិត្តនិមល                               អូនប្រែសាមាន្ដ
លេងសើចនឹងបង                          ដែលស្មោះកល្យាណ                       អូននាងប្រែប្រាណ
ឲ្យបងសោកា ។

៩ . បើមានគូរហើយ                                   ម្ដេចពៅត្រាណត្រើយ                            អូនមិនវាចា
ប្រាប់ឲ្យតាមត្រង់                               នោះបងមិនថា                            បងនឹងសុំលា
លាដោយអស់ចិត្ត។

១០. បងតែងប្រាប់អូន                      សូមស្រស់នឹមនួន                         ស្មោះហើយត្រង់ពិត
កុំកុហក់បង                                 ស្នេហ៍ស្នងវរមិត្រ                        សូមអូនអាណិត
ចិត្តបងដែលស្មោះ ។

១១. ហើយបងដឹងថា                             រូបបងនេះណា                          មិនមានអ្វីសោះ
ក្រទាំងសម្បត្តិ                            រូបកាយមិនស្រស់                           មានតែចិត្តស្មោះ
ចំពោះស្នេហា ។

១២. បងមិនពូកែ                    សាសងលួងស្នេហ៍                           បំពេញចិន្ដា
តំរូវចិត្តអូន                                     នឹមនួនកន្និឋា                          ឲ្យស្ងួនពុំងារ
អូនគាប់ប្រាថ្នា ។

១៣. រូបខ្ញុំអភ័ព្វ                           ក្រសម្បត្ដិទ្រព្យ                                    ក្រទាំងស្នេហា
ក្រទាំងសំដី                                   ផ្តោះផ្ដងវោហា                       នឹកគិតកាលណា
អាណិតខ្លួនឯង ។

១៤. ណ្ហើយឈប់ស្ដី                             រឿងដែលអប្រិយ                           កន្ដោចកន្ដែង
គិតដល់រឿងស្រី                             នាំក្ដីចំបែង                        ឈប់ប្រលែងលេង
ក្នុងរឿងស្នេហា ។

១៥. បងជូនពរស្រី                              សូមស្រស់ចរណៃ                       បានក្ដីសុខណ៎ា
ជួបនឹងអ្នកថ្មី                                   ស្រីពេញចិន្ដា                          ចេះថ្នមកន្និឋា
ឲ្យសុខនិរន្ដន៍ ៕

តាក់តែងដោយ  គ្រីយ៉ា

KakkeTe_Form

បរិយាកាសសង្គម​កម្ពុជា និង​ការចូលរួម​អភិវឌ្ឍន៍ជាតិរបស់​យុវជន

យុវជន​​គឺ​ជា​ធនធានស្នូល​នៅក្នុង​ការ​កំណត់​អនាគត់​របស់​សង្គម​ជាតិ។ មិន​ថា​ជាតិសាសន៍​​ណាក៏​ដោយ ការ​អភិវឌ្ឍ​សង្គមជាតិ គឺ់ជាតួនាទីរបស់​​អ្នកដឹកនាំ និងប្រជាពលរដ្ឋទូទៅ ហើយក្នុងនោះយុវជន​​គឺជា​ធនធាន​មួយមិនអាច​ខ្វះបាន។ តួនាទីរបស់អ្នក​ដឹកនាំ​ប្រទេស​ ក៏ត្រូវ​ផលិតនូវធនធាន​យុវជន​ដែលប្រកបដោយ​គុណភាព​ខ្ពស់ (មានគំរិតអប់រំ​​ខ្ពស់ សមត្ថភាពខ្ពស់ ភាពឈ្លាសវៃ ហើយ​ប្រកប​ដោយ​សីលធម៌​ឧត្ដមគតិ សេ្នហា និង​ ចូលរួមអភិវឌ្ឍន៍ជាតិពិតប្រកដ​) ។​ ប៉ុន្តែបើ​សង្កេត​ទៅមើលស្ថានភាព​សង្គម​កម្ពុជា​បច្ចុប្បន្ន គឺ​ប្រកប​ដោយភាពអនាធិបតេយ្យ​ (មិនមែន​ប្រជាធិបតេយ្យទេ) ភាពមិនច្បាស់លាស់​របស់​ថ្នាក់​ដឹកនាំ បរិយាកាសអប់រំ មិនប្រក្រតី អំពើពុករលួយ ជាពិសេសការលាបពណ៌ពីសទៅ​ខ្មៅ ពីខ្មៅទៅស ភាពគ្មាន​​ទំនួលខុសត្រូវ។ បញ្ហា​ទាំងនេះ​បាន​កំពុង​​ដឹកនាំ​មាគ៌ាប្រទេសនេះ​​​ឲ្យឈាន​ទៅរក​ការអភិវឌ្ឍ​មួយ​ប្រកបដោយភាពមិនច្បាស់លាស់​ មិនថាវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការអភិវឌ្ឍន៍​ធនធានមនុស្សផងដែរ។ ដោយ​ស្ថានភាព​បែបនេះ​​ហើយ ទើបធ្វើ​​ឲ្យធនធាន​យុវជន​មួយចំនួនធំ​មិនមែន​​ជាធនធានដែលចូលរួមអភិវឌ្ឍន៍ជាតិពិត​ប្រាកដ តែផ្ទុយទៅវិញ​ជាធនធាន​ដែលចូលរួម​​បំផ្លាញជាតិ។

តាមរយះការសង្កេត​ តាមដានពីបរិយាកាសសង្គមកម្ពុជា​ខ្ញុំ​អាច​ធ្វើការ​សង្ខេប​ជា​បួន​សណ្ឋាន​សំខាន់ៗដូចខាងក្រោម៖

១. បរិយាកាស​សង្គមដែល “ភ្នែកភ្លឺ តែ​មើលមិនឃើញអ្វីដែលជា​ការពិត” ។ ដោយសារ​សង្គមមួយ​​ប្រកប​ដោយ​ភាពអនាធិបតេយ្យ ការលាបពណ៌បិទបាំង​នូវការ​ពិត ភាពគ្មានទំនួល​ខុស​ត្រូវ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូច​ជាយុវជន​​មួយ​ចំនួនធំដែលមិន​បាន​រិះគិត​ពិចារណា និង ស្វែងយល់ពីការពិត ធ្លាក់ទៅក្នុងរណ្ដៅ​មួយដែល​ងាយ​ស្រួលឆបោក និង​គេងប្រវ័ញ្ច​យក​ចំណេញ​សំរាប់​បក្សពួក​ ​ក្រុមគ្រួសារ អ្នក​ដែលមានលុយ​ មានអំណាច។

២. បរិយាកាស​សង្គមដែល “ត្រចៀក​ស្ដាប់លឺតែស្ដាប់មិន​លឺនូវអ្វីដែលជាការពិត“។ បញ្ហានេះគឺ​កំពុង​ស្ថិតនៅ​ក្នុង​កំរិត​​មួយ​ដែល​ធ្ងន់ធ្ងរ​ក្នុង​​សង្គមខ្មែរ​បច្ចុប្បន្ន។ ជាក់ស្ដែង​ប្រព័ន្ធ​ផ្សព្វផ្សាយមួយ​ចំនួនធំ បាន​កំពុងចូលរួម​យ៉ាងសកម្ម​​ក្នុងការ​ផ្សព្វផ្សាយ​ពត៌មានមិនពិត ពត៌មាន​ដែលមិនឆ្លុះ​បញ្ចាំងពីតត្តភាព​ជាក់ស្ដែងរបស់សង្គម មិន​ឆ្លុះបញ្ចាំងពីភាពក្រីក្រ មិនឆ្លុះបញ្ចាំងពីទុក្ខ​លំបាក​របស់​រាស្រ្ដ ។ មិន​តែប៉ុណ្ណោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​បាននឹងកំពុងផ្សព្វផ្សាយពីភាព​សប្បាយរីករាយ ពី​ការ​ភ្លើត​ភ្លើន ដែលធ្វើឲ្យយុវវ័យ​ឆ្លក់​វង្វេង និង​ភ្លេចគិត​ពី​ការចូលរួមកែប្រែសង្គមជាតិ​​ឲ្យបានល្អប្រសើរ ។ ​បញ្ហានេះ​ហើយ​​ដែលធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជាអ្នក​ស្ដាប់​មិនបានទទួល​ មិន​បាន​ស្ដាប់​លឺពត៌មានពិត ព្រោះអ្នក​ដែល​ផ្ដល់ពត៌មាន គ្មានមនសិការ​ក្នុងការ​បង្ហាញ​ចំនុចមិនល្អ​របស់ខ្លួន ដើម្បីកែលំអរទាំងអស់គ្នា។

៣. បរិកាស​សង្គម​ដែល “មាត់និយាយបាន តែមិនអាចនិយាយនូវអ្វីដែលជាការពិត“។ ការបញ្ចេញ​មតិយោបល់​ ដែល​ឆ្លុះ​បញ្ចាំង​ពីបញ្ហាសង្គម ពីតំរូវការ​របស់​ប្រជាពលរដ្ឋ គឺជាតំរូវការ​​ចាំបាច់ និង​អាចនិយាយ​បាន​ដោយ​សេរី ក្នុង​សង្គមមួយដែល​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រកដ ។​ តែផ្ទុយ​ទៅវិញ​ នៅ​ក្នុង​សង្គម​កម្ពុជាបច្ចុប្បន្ន បានរិតត្បិត គំរាមកំហែង និង​វាយ​ប្រហារ​ដល់ជនណា​​ដែល​ហ៊ាន​និយាយ​ការពិត ឬក៏តស៊ូ​មតិ​​ដើម្បី​ស្វែងរក​ការពិត​ ត្រឹម​ត្រូវ ។ ជាក់ស្ដែង​ដូច​ជា​អ្នកកាសែត អ្នកតស៊ូមតិ ប្រឆាំងតវារកការពិត​យុត្តិធម៌ សំរាប់តំបន់បឹងកក់ បុរីកីឡាជាដើម ត្រូវបាន​គំរាម​គំហែង​ វាយធ្វើបាប និងចាប់យកទៅដាក់គុក​ដោយ​អយុត្តិធម៌។

៤. បរិយាកាស​សង្គមដែល​ “មានគំនិត តែគ្មានឱកាស​ប្រើប្រាស់គំនិត“។ ដោយ​ប្រកាន់​យកនូវ​របប​បក្សពួកនិយម ​របប​អំពើពុករលួយ បានធ្វើឲ្យឱកាស​នៃការចូលរួមរបស់​ប្រជាពលរដ្ឋ ជាពិសេសគឺ​យុវជន​មានភាព​មិន​ស្មើគ្នា។ កត្តានេះបាន​​ធ្វើ​ឲ្យ​បាត់បង់ ធនធាន​យុវជន​​ដែលមាន​គុណភាពពិត​ប្រាកដក្នុងការ​​ចូលរួម​​កែប្រែសង្គម​ជាតិ​ឲ្យបាន​ល្អប្រសើរ។ នៅបណ្ដា​ប្រទេស​អភិវឌ្ឍន៍ ក៏ដូច​ជាប្រទេសកំពុង​អភិវឌ្ឍន៍​ជាច្រើន គឺ​គេ​ត្រូវការយុវជន ដែលមានគុណភាពពិត​ប្រាកដ មាន​គំនិតច្នៃប្រឌិត និងឈ្លាសវៃ ក្នុងការ​ចូលរួម​យ៉ាងសកម្មបំរើដល់​សេចក្ដី​ត្រូវការ ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ជាតិ ក៏ដូចជា​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ទូទៅ​ ។

តាមរយៈការបកស្រាយ​ដោយ​សង្ខេប​ខាងលើ ខ្ញុំបាទក្នុងនាម​ជាប្រជាពលរដ្ឋ ក៏ដូចជាយុវជនមួយ​រូប គ្រាន់តែចង់ចូលរួម​ចែករំលែក និងបង្ហាញពី​តត្តភាព​សង្គមកម្ពុជា​បច្ចុប្បន្ន។ ​បញ្ហាទាំង​នេះ គឺ​ជា​រនាំង​ដ៏ចំបង​មួយ​ដល់​ការ​ចូល​រួម​របស់​យុវជន​ក្នុង​ស្ថាបនា​ជាតិ។ ការសន្និដ្ឋានទាំងនេះ គឺបាន​មក​តាមរយៈការ​​សង្កេត​តាមដាន​ និង​ស្វែងយល់​ការពិត មួយរយៈកន្លង​មកនេះ។ ដូច្នេះ​ ក្នុង​នាមយើង​ជា​ប្រជាពលរដ្ឋ ក៏ដូចជាយុវជន ដែលជា​ធនធានស្នូល​ក្នុង​ការអភិវឌ្ឍន៍​ជាតិ​ យើង​ត្រូវ​តែចូល​រួម​លុប​បំបាត់បរិយាកាស​សង្គមដ៏​អាក្រក់ដូចដែលរៀបរាប់​ខាង​លើ ឲ្យសាប​សូន្យ​ពី​សង្គម​ជាតិ​យើង។ ដើម្បីលុបបំបាត់បញ្ហាទាំង​នេះបាន​ មាន​កិច្ចការ​មួយចំនួនដែល​យើងត្រូវធ្វើរួមគ្នា​ ដូចជា៖ ដំបូងយើង​ត្រូវ​តែចាប់ផ្ដើមផ្លាស់ប្ដូរ​ផ្នត់​គំនិត​​របស់​យើង​ផ្ទាល់​ (ផ្លាស់ប្ដូរពីអាត្មានិយម បក្សពួក ក្រុមគ្រួសារ​និយម ទៅជាជាតិ​និយម) ​ហើយ​ត្រូវ​តែពង្រឹង​សមត្ថភាព និង​បង្កើន​ចំណេះ​ដឹង​ឲ្យ​បាន​ទូលំ​ទូលាយ​។ បន្ទាប់​មក​ត្រូវ​តែ​ចែករំលែក និងផ្ដល់ពត៌មាន​ពិត​ ដល់បងប្អូន សាច់ញាតិ ក្រុម​គ្រួសារ មិត្តភក្ដិទាំងឡាយ​ ដើម្បីឲ្យពួកគាត់​ស្វែងយល់​ និង​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ទៅរកភាព​ល្អប្រសើរ​ដូចយើង​ដែរ។ ការងារ​មួយ​ទៀត​ គឺ​ត្រូវតែមានសាមគ្គីភាព អំនត់​តស៊ូ និង​មិនអស់សង្ឃឹមក្នុង​ការ​ស្វែង​រក​ការពិត យុត្តិធម៌​ជូន​សង្គម​ជាតិ។ កិច្ចការបន្ទាប់នោះគឺ មនសិការ និង​ការឲ្យតំលៃខ្ពស់​ចំពោះគ្នា​ទៅវិញ​ទៅមក និងរើសយក​​អ្នក​ដឹក​នាំដែល​ប្រកប​ដោយសមត្ថភាព ឧត្ដមគតិ ​គុណធម៌ សីលធម៌ និង​​​​ឆន្ទៈស្នេហាជាតិ​ពិត​​ប្រាកដ។

នៅពេល​ដែលយើងអាច​លុប​បំបាត់បរិយាកាសដ៏​អាក្រក់​​​នៅក្នុង​សង្គម​ជាតិ​យើងបាន​ នោះយើង​នឹង​អាច​ចូលរួម​​ធ្វើ​ការ​សំរេចចិត្តទាំងអស់គ្នា ដើម្បី​កែប្រែមុខ​មាត់​ជាតិឲ្យមាន​ការរីកចំរើនពិតប្រាកដលើ​គ្រប់វិស័យ មាន​សេចក្ដី​សុខ​សន្តិភាព សេរីភាព និងប្រកប​ដោយលទ្ធិ​ប្រជាធិបតេយ្យ​ពិ​តប្រាកដ។

តើព្រោះហេតុអ្វី? (កំនាព្យ បទពាក្យ៧)

១» តើព្រោះហេតុអ្វីជួបទុក្ខា?                 ជួបរឿងខ្លោចផ្សាឥតពេលល្ហែរ

     បានត្រឹមស្រលាញ់ឥតបានក្បែរ         កសាងក្ដីស្នេហ៍ស្មោះមិន​បាន។

២» ខុសឆ្គងយ៉ាងណាម្ដេចប្រកាន់?         ស្រស់ពៅកំណាន់ប្រាប់បងបាន

     អភ័យទោសាណាកណ្យាណ            ទើបយើង​ពីរប្រាណ​បាន​សុក្ខា។

៣» តើព្រោះហេតុអ្វីមិន​ស្មោះត្រង់?         ចិត្តល្អផូរផង់​បាត់​ទៅណា?

      កាលគ្រាដំបូងស្មោះស្នេហា              វាចាម្ដេចម្ដាក៏ប្រណី។

៤» បងធ្លាប់រីករាយ​និងពិសី                   វាចាភក្ដីសែន​ពីរោះ

     សារសង​មិន​ថាជ្រុលលើសលួស        នៅតែលើកទោសដោយ​ស្រលាញ់។

៥» តើព្រោះហេតុអ្វីអូនចុះចាញ់             ថាមិន​ស្រលាញ់បងសោះឡើយ

     ចាញ់ព្រហ្មលិខិតប្រែកន្តើយ             អូនលាបងហើយ​គ្មាន​មេត្តា។

៦» ហេតុអ្វីបង​មិនអាច​វាចារ                  ដោះស្រាយបញ្ហា​នឹង​ស្រស់ស្រី

     អូនចាកចោលបងគ្មានប្រណី            មិនស្ដាប់សំដីបងបកស្រាយ។

៧» ហេតុអ្វីមិនគិត​ស្រណោះស្ដាយ         ដែល​យើង​ពីរកាយ​បាន​តស៊ូ

      កសាងក្ដីស្នេហ៍មកជាយូរ                 ហេតុអ្វីត្រូវប្ដូរយក​បែកគ្នា?

៨» បងនៅតែគិតស្រស់ពុំងារ                 គ្រប់ពេលវេលាគ្រប់នាទី

     នឹកស្រស់ពាលពៅឆោមឆវី               គ្មានអ្នកទី២ក្នុងចិត្តឡើយ។

៩» បងនៅសង្ឃឹមយើង​បាន​ស្បើយ         បាន​នៅកៀកកើយ​គូរវាសនា

      សូមគិតជាថ្មីណាកន្និដ្ឋា                   មិន​ថាពេលណាបងរង់ចាំ។

១០» ស្នេហ៍បងស្នេហ៍ពិតទោះយូរឆ្នាំ       មិនអាចប្រែះស្រាំបាត់បង់ឡើយ

        ឲ្យតែរូបអូន​មិន​កន្តើយ                 ស្នេហ៍យើង​ដល់​ត្រើយ​ក្ដីសុខសាន្ដ។

តាក់តែងដោយ  គ្រីយ៉ា

Beak7_Form

មិនមែនបច្ចេកវិទ្យាទេ តែជារឿង​ជីវិត

ដូចជាមានរយៈកាលដ៏យូរលង់ដែរហើយដែលខ្ញុំមិនបានរៀបចំអត្ថបទសំរាប់ដាក់ក្នុងប្លុកមួយនេះ។ ពេលនេះ​ខ្ញុំសុំ​ពេល ដើម្បីចែក​រំលែកគំនិតបន្តិបន្តួច។ ជាថ្មីម្ដងទៀត ខ្ញុំលើក​និយាយពីបញ្ហាជីវិតមកជជែកគ្នា ក៏ដូចជាចែក​រំលែកគ្នា​ដើម្បីស្វែងពីជីវិតរបស់យើងឲ្យបានច្រើន។ ពីមួយថ្ងៃទៅមួយថ្ងៃ ជីវិតមនុស្សចេះតែប្រែប្រួល ពេលខ្លះ​ក៏​សប្បាយ​រីករាយ ពេលខ្លះ​ក៏ក្រៀមក្រំ ពេលខ្លះ​ទៀត​ពិត​​​ជាស្មុគស្មាញដែលស្ទើរ​តែមិនអាចរក​ផ្លូវចេញពីភាព​ងងឹត​ទៅរកទីដែលមានពន្លឺបាន។ ប៉ុន្តែទៅ​ជាយ៉ាងណាក៏ដោយ​ក៏យើង​មិននិយាយបានថា ជីវិតត្រូវ​តែរីករាយគ្រប់​ពេលវេលា រឺក៏ទុក្ខ​​សោក​គ្រប់​វេលា​​​នោះទេ ពីព្រោះ​ថា ផ្កាកុលាប​​តែ១​ពណ៌​មិនសូវ​​ជាស្រស់ស្អាត​​​​ដូចផ្កាដែល​មានចំរុះ​ពណ៌ទេ ដូចគ្នាដែរនឹងជីវិត​របស់យើង ត្រូវតែលាយ​ចំរុះនូវការសប្បាយរីករាយ ផ្អែមល្អែម ទុក្ខសោក ទើប​ធ្វើឲ្យ​ជីវិត​កាន់តែ​មានន័យ ដែលអាច​និយាយបានថា យើងមាន​​សំណាង​​ដែលបាន​​ដឹង​ និង​ភ្លក់គ្រប់​​រស់ជាតិនៃជីវិត ព្រោះមាន​អ្នក​ខ្លះ​គ្មាន​សំណាង​ដូច​យើង​ទេ។

ចំពោះខ្សែជីវិតខ្ញុំ ក៏មិនខុស​ពីខ្សែជីវិតអ្នកទាំងអស់គ្នាដែរ ប៉ុន្តែមនុស្ស​ម្នាក់​ក៏អាច​រៀប​ចំ និងសំរបសំរួល​ខ្សែជីវិត​របស់ខ្លួនបាន​ទៅតាម​ស្ថានភាពជាក់ស្ដែង​នៅក្នុងគ្រួសារ និង សហគមន៍​ដែល​កំពុងរស់នៅ។ បើនិយាយជារួមទៅ បញ្ហាជីវិត​របស់យើង​អាចខុសៗគ្នា ហើយដំណោះ​ស្រាយក៏អាច​ខុសគ្នាដែរ។ ដូច្នេះហើយ យើងគួរ​តែរីករាយនឹង​ទទួល​យករាល់អ្វី​ដែល​កើតមាន​ឡើងក្នុងជីវិតប្រចាំថ្ងៃ​របស់យើង ព្រោះថា យើងមាន​សំណាង​ដែលបានយល់ដឹង​ពីជីវិត​បានច្រើន ហើយ​ក៏មាន​ភាពឆ្លាតវៃ​ក្នុងការ​ដោះស្រាយ​រាល់អ្វីដែល​យើងជួប​ប្រទះ។ ចំពោះខ្ញុំ មានគំនិតថា ការឆ្លាតវៃ​របស់មនុស្ស​មិនមែនអាច​វាយតំលៃបាន​ដោយគ្រាន់តែដោះស្រាយ​លំហាត់គណិត​វិទ្យានោះទេ តែផ្ទុយ​ទៅវិញ​គឺវាយ​តំលៃ​​ពីការចាត់ចែងជីវិត​រស់នៅដែល​ប្រកបដោយសេចក្ដីសុខ សន្តិភាព សំរាប់ខ្លួនឯង ក៏ដូចជាអ្នកនៅជុំវិញខ្លួនមិនថាជិត រឺឆ្ងាយទេ។ មិនខុសគ្នាទេ បើចង់ក្លាយជាមេដឹកនាំល្អ គឺចាំបាច់ត្រូវតែមានភាពវៃឆ្លាតនៅក្នុងការដឹកនាំ។ មានន័យថា អ្នកដឹកនាំ​ត្រូវតែអាច​ធ្វើឲ្យខ្លួនឯង​ និងប្រជាពលរដ្ឋ​រស់នៅប្រកបដោយ​ភាពសុខក្ដម្ភ​រម្យនា សន្តិភាព និងតម្លាភាព។ ខ្ញុំគិតថា ដើម្បីអាចឈានទៅដល់ចំនុចនេះបាន គឺយើងម្នាក់ៗត្រូវតែមាន “ភាពស្មោះត្រង់​ និងទំនួលខុសត្រូវ”។ ភាពស្មោះត្រង់ និងទំនួលខុសត្រូវ ត្រូវតែដើរ​ជាមួយគ្នា ព្រោះយើងត្រូវតែហ៊ាននិយាយការពិត បង្ហាញពីការពិត និងទទួលយកការពិត។ ដូចគ្នាដែរចំពោះបញ្ហាជិវិត ក៏ដូចជាបញ្ហាសង្គមជាតិទាំងមូល។ ជីវិតដែលពោពេញទៅដោយភាពអាប់អួរ (ដូចពពកខ្មៅពេលជិតភ្លៀង 😀 ) ក៏ដោយសារ​​តែយើង​​បណ្ដោយខ្លួន​យើង​ទៅតាម​ពពកខ្មៅ​ទាំងនោះ ដោយមិន​ព្រមបញ្ជៀស​ខ្លួនចេញ​ទៅរកទី​ដែល​មានពន្លឺ។ បើយើងស្មោះត្រង់នឹងខ្លួនឯង ហើយមាន​ទំនួល​ខុសត្រូវខ្ពស់ នោះយើង​មិនធ្វើ​បាបខ្លួនឲ្យ​​នៅទី​ងងឹតទេ ផ្ទុយទៅវិញ​ ដោយភាព​​​ញញឹម​ទទួលយកការពិត និង ដោះស្រាយ​បញ្ហាដោយភាពឆ្លាតវៃ។

បើយើង​មានទំនួលខុសត្រូវ និងមានភាព​ស្មោះ​ត្រង់នឹងអ្នកដទៃ នោះយើងមិនបង្កការលំបាក រឺ ភាព​ក្ដៅក្រហាយ​ដល់ពួកគាត់​ទេ ហើយ​យើងនឹង​មានគំនិត​ថា សេចក្ដីសុខ​របស់ពួកគាត់​ក៏ជាសេចក្ដីសុខ​របស់​ខ្លួនយើងផ្ទាល់​ដែរ។ មិនខុសគ្នាទេ ចំពោះអ្នកដឹកនាំ​ប្រទេស ត្រូវតែមានទំនួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់ចំពោះ​ពលរដ្ឋខ្លួនក្នុងការកសាងប្រទេស ផ្ដល់សេចក្ដីសុខ សន្តិភាព ដល់ប្រជារាស្ត្រ​ប្រកបដោយតម្លាភាព និង​យុត្តិធម៌។ បើប្រជារាស្រ្ត​រស់នៅប្រកបដោយក្ដីសុខសាន្ដ នោះគ្មាននរណា​ម្នាក់ក្រោកឈរឡើងដើម្បីប្រឆាំងតវ៉ា ដែលធ្វើឲ្យសង្គមជាតិមានភាពអាប់អួរ ច្របូក​ច្របល់នោះទេ។

សរុបមក អ្វីដែលខ្ញុំចង់ចែករំលែក គឺយើងត្រូវតែប្រកាន់ភ្ជាប់នូវ “ភាពស្មោះត្រង់ និង ទំនួលខុសត្រូវខ្ពស់” ដើម្បីធ្វើឲ្យ​មាគ៌ាជីវិតយើងទទួល​បាននូវ​ស្នាមញញឹម​ពិត​ប្រកបដោយសេចក្ដីសុខ សុភមង្គល។ ហើយយើងត្រូវតែបណ្ដុះគំនិតថា “សេចក្ដីសុខរបស់អ្នកដទៃ ក៏ជា​សេចក្ដីសុខ​របស់យើង“។ សង្ឃឹមថា ផ្ដើមចេញ​ពីការចែករំលែក​គំនិតដ៏តូច​មួយនេះ អាចកែប្រែជីវិតយើង និងសង្គម​ជាតិយើង​​ឲ្យទៅ​ដល់ទី​ដែល​មានពន្លឺ​ដ៏ត្រចះត្រចង់ ប្រកបដោយ​សេចក្ដីសុខ​ទាំង​អស់គ្នា។ 🙂

ជីវិត និង បញ្ហា

ខ្សែជីវិត​មនុស្ស​គឺ​មាន​គ្រប់​រស់ជាតិ​ មាន​ទាំង​ផ្អែម​ ល្វីង ជូរ​ចត់ លំ​បាក​ កំសត់​ ជួប​ហើយ​បែរ​ព្រាត់​ សប្បាយ​រីក​រាយ​លាយ​ឡំ​នឹង​ទុក្ខា​។​ ជីវិត​មិន​ដើរ​រលូន​ដូច​ដែល​យើង​ប៉ង​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​វិធី​ និង បត់​បែន​ទៅ​តាម​កាលៈទេសៈ សំរប​ទៅ​តាម​បញ្ហា​ដែល​កំ​ពុង​ជួប​ប្រទះ​។ ជីវិត​យើង​កាន់​តែ​មាន​ន័យ​ និង​ស្រស់​បំព្រង​ ប្រសិន​បើ​យើង​ចេះ​លាយ​ចំរុះពណ៌​ប្រកប​ដោយ​ភាព​​បិន​ប្រសប់ និង​ការ​ច្នៃ​ប្រឌិត​។ មិន​ថា​ខ្មៅ រឺស ក្រហម​ រឺ​ខៀវ លឿង​ រឺ​បៃតង យើង​អាច​យក​មក​លាយ​គ្នា​ឲ្យ​ទៅ​ជា​ពណ៌​ដ៏ស្រស់​ស្អាត​មួយ ប្រៀប​ដូច​នឹង​ជីវិត​របស់​យើង​ដែរ​ដែល​លាយ​ឡំ​ទៅ​ដោយ​ទុក្ខសោក សប្បាយ​រីករាយ​ បញ្ហា​រាប់​លាន​ជំពូក តែ​យើង​នៅ​តែ​អាច​បញ្ចេញ​នូវ​ស្នាម​ញញឹម​ប្រកដ​ដោយ​ក្ដី​សង្ឃឹម​ក្នុង​ជីវិត​។​ ខ្ញុំ​យល់​ថា​មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​បញ្ហា មិន​ថា​អ្នក​មាន អ្នក​ក្រ អ្នកតូច​ រឺ អ្នកធំ​ឡើយ គ្រាន់តែ​បញ្ហា​ដែល​កើត​មាន​ឡើង​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ​។ បញ្ហា​ដែល​ខ្ញុំ​គិត​ថា​លំ​បាក​ដោះស្រាយ ប្រហែល​ជា​មិន​លំ​បាក​ទេ​សំរាប់​អ្នក​ដទៃ ហើយ​បញ្ហា​អ្នក​ដទៃ​ដែល​គិត​ថា​លំបាក ប្រហែល​ជា​មិន​លំ​បាក​សំរាប់​ខ្ញុំ​។ បញ្ហា​ផ្សេង​គ្នា ដំណោះស្រាយ​ផ្សេងគ្នា ដូច​គ្នា​នឹង​ការ​ដោះស្រាយ​ក្នុង​គណិតវិទ្យា​ដែរ ការដោះស្រាយ​លីមីត មិនដូច​គ្នា​នឹង​ការ​ដោះស្រាយ​សមីការ​លីនេអ៊ែរទេ​។ ចំណែក​ដំណោះ​ស្រាយ​នៅក្នុង​សេដ្ឋកិច្ច រឺ​បញ្ហា​សង្គម​វិញ គឺ​ស្រាយ​ទៅតាម​ពេល​វេលា និង​កាលៈទេសៈ មិន​អាច​ប្រើ​ប្រាស់​រូបមន្ដ​តែមួយ​ជានិច្ចកាល​បាន​ទេ ព្រោះ​ថា​សម័យកាល​តែង​តែផ្លាស់ប្ដូរ អាកប្បកិរិយា​មនុស្ស​ក៏​មិន​ស្ថិតស្ថេរ បញ្ហា​តែង​តែ​ប្រែ​ប្រួល​។ ដូចគ្នា​ផង​ដែរ នៅក្នុង​ការ​ប្រលង ប្រសិន​បើ​យើងមិន​អាច​ដោះស្រាយបញ្ហា រឺ​ចំណោទ នោះ​យើង​នឹង​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ​ (មិន​និយាយ​ក្នុង​ន័យ​ដែល​បាន​ការ​ស៊ីសំណូក រឺពុករលួយ​នោះទេ)។​ ដូច្នេះ​ហើយ នៅ​ពេល​ដែល​យើង​ជួប​បញ្ហា​កាន់​តែ​ច្រើន នោះ​ធ្វើឲ្យ​យើង​កាន់​តែ​មាន​ភាពវ័យឆ្លាត​ ធ្វើ​ឲ្យ​យើង​កាន់តែ​យល់​ពីជីវិត​ ធ្វើ​ឲ្យ​យើង​កាន់​តែ​ដឹង​ពីសង្គម ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្គាល់​ពិភពលោក​។ ​អ្នកប្រាជ្ញ អ្នក​ដឹកនាំល្អ អ្នកជំនួញ​ដែល​ជោគជ័យ គឺសុទ្ធសឹង​ជាអ្នក​ដែល​មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ដោះស្រាយ​បញ្ហា អ្នក​ដែល​ជួប​ប្រទះ និងយល់​ច្រើន​ពីបញ្ហា អ្នកដែល​ដឹង​ច្រើន​ពីតំរូវ​ការ អ្នក​ដែល​មាន​ភាព​ច្នៃប្រឌិត ហើយ​រីករាយ​នឹង​ដោះស្រាយ​រាល់​បញ្ហា​។ អញ្ចឹង​យើង​គ្រប់គ្នា​ក៏អាច​ក្លាយ​ជាអ្នក​ដែល​ជោគជ័យ​ អ្នក​ដែល​សំខាន់​នៅក្នុង​សង្គម រឺជាតិសាសន៍មួយផង​ដែរ​ បើសិន​យើង​យល់ដឹង​ពី​​បញ្ហា​ឲ្យ​កាន់​តែ​ច្រើន​  យើង​ចេះ​សំរប​សំរួល និង​រក្សា​ស្នាម​ញញឹម​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ ដោយ​ប្រកាន់ខ្ជាប់​នូវ​សុទិដ្ឋិនិយម និង​ផល​ប្រយោជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​។ សេចក្ដីសុខ​របស់អ្នក​ដទៃ ក៏ជា​សេចក្ដី​សុខ​របស់​យើងគ្រប់គ្នា​ មិនធ្វើឲ្យ​អ្នកដទៃឈឺចាប់ ទុក្ខព្រួយ គឺដោះស្រាយ​បញ្ហាដោយ​សន្តិវិធី ស្វែង​រក​ជោគជ័យ និង​សុខសន្តិភាព​ដល់​ពិភព​លោក​ទាំង​អស់គ្នា​។ សូម​កុំ​រត់​គេច​ពី​បញ្ហា កុំ​គិត​​ថា​​មាន​​តែ​អ្នក​​ដែល​មាន​​បញ្ហា​ កុំ​ធ្វើ​ឲ្យ​បញ្ហា ទៅ​ជា​​ភាព​ស្មុគស្មាញ គឺ​ត្រូវ​​ទទួល​​យក និង​ដោះស្រាយ​​ដោយ​ស្នាម​ញញឹម​។ ដូច្នេះ បញ្ហា​ជា​មេរៀន​ និងជា​ស្ពាន​ចំលង​ទៅ​រក​ភាព​ជោគជ័យ បើសិន​ជា​យើង​ចេះ​កែច្នៃ និង​យក​​យក​ដំណោះស្រាយ​បញ្ហា​មក​ប្រើ​ប្រាស់​ឲ្យ​ស្រប​តាម​ស្ថានភាព។ រស់  គឺ ដើម្បីដឹង ដើម្បីសង្ឃឹម ដើម្បីក្ដីស្រលាញ់ ដើម្បីចែករំលែក និង អនុវត្តអំពើល្អ!”