យុវជន និងការចូលរួមក្នុងសង្គម (បទ ពាក្យ៧)

១.      យុវជនខ្មែរពិចារណា                                     ខ្ញុំសូមវាចារដោយស្មោះស្ម័គ្រ

ដោយមិនប្រកាន់ពួកឬបក្ស                          ក្នុងនាមយើងអ្នកគិតដល់ជាតិ។

២.      យើងចាប់ដៃគ្នារួមសាមគ្គី                             នៅគ្រប់ទិសទីកុំឃ្លៀងឃ្លាត

ខិតខំរៀនសូត្រហើយរៀនទៀត                    ដើម្បីជួយជាតិខ្មែរយើងណា៎។

៣.     ខំរៀនឲ្យចេះឲ្យបានស្ទាត់                             ឲ្យចេះប្រាកដឥតមុសារ

កុំប្រើលុយឡានទិញបញ្ញា                            បានបរិញ្ញាឥតតម្លៃ។

៤.      លុបចោលឲ្យបានចរិកថោក                         គំនិតស្មោកគ្រោកណា៎ចរណៃ

ដែលនាំក្ដីទុក្ខមកឲ្យថ្លៃ                                  ឱ!ខ្មែរប្រុសស្រីសូមលះបង់។

៥.      យុវជនខ្មែរជំនាន់ក្រោយ                               សូមកុំបណ្ដោយឲ្យធ្លាក់ផង់

ទៅក្នុងជ្រោះភក់ដ៏ជ្រៅលង់                          ដែលមិនអាចស្រង់ឡើងវិញបាន។

៦.      ពុករលួយនេះជាឫសគល់                             នាំឲ្យយើងពុលភ្លេចសន្ដាន

ភ្លេចជាតិភ្លេចសាសន៍ភ្លេចផៅផាន               ធ្វើម្ដ៉េចឲ្យបានខ្លួនសាន្ដសុខ។

៧.     ថ្នាំញៀននេះទៀតក៏វិនាស                           គ្រួសារព្រាត់ប្រាស់រស់រងទុក្ខ

គ្មានទេសប្បាយគ្មានទេសុខ                           ថ្ងៃនេះថ្ងៃមុខត្រូវជៀសឆ្ងាយ។

៨.      យុវជនខ្មែរត្រូវភ្ញាក់ខ្លួន                                  មើលថែទាំខ្លួនទាំងចិត្តកាយ

ឲ្យស្អាតបរិសុទ្ធណ៎ាឆោមឆាយ                      ជៀសផុតឲ្យឆ្ងាយឧបាយមុខ។

៩.      ខ្មែរយើងត្រូវការអ្នកចេះដឹង                          រឿងអាក្រក់ហ្នឹងមិនត្រូវទុក

លះបង់ឲ្យឆ្ងាយឲ្យផុតទុក្ខ                             ទើបនាំក្ដីសុខមកឲ្យខ្មែរ។

១០.   សូមរៀនឲ្យចេះឆ្នៃប្រឌិត                              មានជំនាញពិតហើយពូកែ

បង្កើតការងារឲ្យកូនខ្មែរ                                មិនមែនត្រឹមតែរកការធ្វើ។

១១.   សូមជួយកែប្រែមុខមាត់ជាតិ                         ដោយខំខ្មៃខ្មៀតរាល់ទង្វើ

ខិតខំកែខៃសព្វសារពើ                                   ឲ្យតែទង្វើនោះស្របច្បាប់។

១២.   បង្កើនផលិតផលខ្មែរយើង                            ឲ្យបានថ្កុំថ្កើងកុំឲ្យអាប់

វត្ថុធាតុដើមយើងមានស្រាប់                         យើងត្រូវប្រញាប់កែឆ្នៃទៅ។

១៣. កិច្ចការផ្សេងទៀតដែលត្រូវធ្វើ                      ខិតខំថែមើល៍ដែនដីនៅ

មិនត្រូវប្រហែសឲ្យសត្រូវ                               សំរុកវាយទៅរាជធានី។

១៤.   អធិបតេយ្យភាពដែនដីខ្មែរ                            យើងត្រូវមើលថែណ៎ាឆវី

លិចកើតជើងត្បូងគ្រប់ទិសទី                        ខែត្ររាជធានីត្រូវតែស្គាល់។

១៥.   មិនថាទេឡាវសៀមឬយួន                             ការពារខ្ជាប់ខ្ជួនមិនទើសទាល់

យើងត្រូវតែដឹងគ្រប់ល្បិចកល                      ការពារទប់ទល់ដើម្បីខ្មែរ។

១៦.   ការងារបន្ទាប់ដែលគួរដឹង                              គឺត្រូវខំប្រឹងមើលថែកេរ្ដ៍

មរតកជាតិរបស់ខ្មែរ                                       យើងត្រូវខំថែគ្រប់ៗប្រាណ។

១៧.  ថែប្រាង្គប្រាសាទជាតិខ្មែរយើង                      ដែលល្អថ្កុំថ្កើងតាមលំអាន

បែបបទរចនាស្រស់ភុំផាន                             ពិភពលោកបានចុះកត់ត្រា។

១៨.   សម្បត្ដិធម្មជាតិស្រស់ត្រកាល                        ដែលរីកដុះដាលល្អអស្ចារ្យ

ដីសុវណ្ណភូមិដ៏ថ្លៃថ្លា                                      សូមថែរក្សាឲ្យគង់វង្ស៕

 

ខ្លឹមសារសង្ខេបរួមនៃកំណាព្យ

គោលបំណងនៃការសរសេរកំណាព្យនេះ គឺដើម្បីបង្ហាញពីតួនាទីសំខាន់ៗចំនួន៣ ដែលយុវជនគ្រប់រូបត្រូវចូលរួមក្នុងសង្គម។ ការចូលរួមទាំងនោះរួមមាន៖

ចូលរួមកែលម្អរខ្លួនឲ្យបានស្អាតស្អំ និងប្រកបដោយគុណភាព

  • ជៀសឲ្យផុតពីអំពើអបាយមុខទាំងឡាយ គ្រឿងញៀន អំពើពុករលួយ។
  • បង្កើនចំណេះដឹង ជំនាញផ្ទាល់ខ្លួនប្រកបដោយគុណភាពខ្ពស់។

ចូលរួមធ្វើជាគម្រូរល្អ និងផ្ដល់ផលប្រយោជន៍ដល់មនុស្សទូទៅ

  • រស់នៅមានសីលធម៌ គុណធម៌ យកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន។
  • បង្កើតការងារ ក៏ដូចជាការផ្ដល់នូវចំណេះដឹង ជំនាញផ្សេងៗដល់មនុស្សទូទៅ។
  • ដោះស្រាយបញ្ហា ដែលមានក្នុងសង្គមតាមដែលអាចធ្វើបាន។

ចូលរួមថែរក្សា ការពារ ដែនដី និងធនធានផ្សេងៗ

  • ថែរក្សា ការពារដែនដី។
  • ថែរក្សា ការពារធនធានដែលមានទាំងធនធានធម្មជាតិ និងកេរ្ដិ៍តំណែលវប្បធម៌ អរិយធម៌ រួមទាំងធ្វើឲ្យប្រសើរឡើងនូវចំណុចខ្វះខាតទាំងឡាយ។

 

សរសេរដោយ ឯល គ្រីយ៉ា

ទាញយកឯកសារជាPDF តាម Link1Link2

8 thoughts on “យុវជន និងការចូលរួមក្នុងសង្គម (បទ ពាក្យ៧)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s