ជីវិត និង បញ្ហា

ខ្សែជីវិត​មនុស្ស​គឺ​មាន​គ្រប់​រស់ជាតិ​ មាន​ទាំង​ផ្អែម​ ល្វីង ជូរ​ចត់ លំ​បាក​ កំសត់​ ជួប​ហើយ​បែរ​ព្រាត់​ សប្បាយ​រីក​រាយ​លាយ​ឡំ​នឹង​ទុក្ខា​។​ ជីវិត​មិន​ដើរ​រលូន​ដូច​ដែល​យើង​ប៉ង​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​វិធី​ និង បត់​បែន​ទៅ​តាម​កាលៈទេសៈ សំរប​ទៅ​តាម​បញ្ហា​ដែល​កំ​ពុង​ជួប​ប្រទះ​។ ជីវិត​យើង​កាន់​តែ​មាន​ន័យ​ និង​ស្រស់​បំព្រង​ ប្រសិន​បើ​យើង​ចេះ​លាយ​ចំរុះពណ៌​ប្រកប​ដោយ​ភាព​​បិន​ប្រសប់ និង​ការ​ច្នៃ​ប្រឌិត​។ មិន​ថា​ខ្មៅ រឺស ក្រហម​ រឺ​ខៀវ លឿង​ រឺ​បៃតង យើង​អាច​យក​មក​លាយ​គ្នា​ឲ្យ​ទៅ​ជា​ពណ៌​ដ៏ស្រស់​ស្អាត​មួយ ប្រៀប​ដូច​នឹង​ជីវិត​របស់​យើង​ដែរ​ដែល​លាយ​ឡំ​ទៅ​ដោយ​ទុក្ខសោក សប្បាយ​រីករាយ​ បញ្ហា​រាប់​លាន​ជំពូក តែ​យើង​នៅ​តែ​អាច​បញ្ចេញ​នូវ​ស្នាម​ញញឹម​ប្រកដ​ដោយ​ក្ដី​សង្ឃឹម​ក្នុង​ជីវិត​។​ ខ្ញុំ​យល់​ថា​មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​បញ្ហា មិន​ថា​អ្នក​មាន អ្នក​ក្រ អ្នកតូច​ រឺ អ្នកធំ​ឡើយ គ្រាន់តែ​បញ្ហា​ដែល​កើត​មាន​ឡើង​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ​។ បញ្ហា​ដែល​ខ្ញុំ​គិត​ថា​លំ​បាក​ដោះស្រាយ ប្រហែល​ជា​មិន​លំ​បាក​ទេ​សំរាប់​អ្នក​ដទៃ ហើយ​បញ្ហា​អ្នក​ដទៃ​ដែល​គិត​ថា​លំបាក ប្រហែល​ជា​មិន​លំ​បាក​សំរាប់​ខ្ញុំ​។ បញ្ហា​ផ្សេង​គ្នា ដំណោះស្រាយ​ផ្សេងគ្នា ដូច​គ្នា​នឹង​ការ​ដោះស្រាយ​ក្នុង​គណិតវិទ្យា​ដែរ ការដោះស្រាយ​លីមីត មិនដូច​គ្នា​នឹង​ការ​ដោះស្រាយ​សមីការ​លីនេអ៊ែរទេ​។ ចំណែក​ដំណោះ​ស្រាយ​នៅក្នុង​សេដ្ឋកិច្ច រឺ​បញ្ហា​សង្គម​វិញ គឺ​ស្រាយ​ទៅតាម​ពេល​វេលា និង​កាលៈទេសៈ មិន​អាច​ប្រើ​ប្រាស់​រូបមន្ដ​តែមួយ​ជានិច្ចកាល​បាន​ទេ ព្រោះ​ថា​សម័យកាល​តែង​តែផ្លាស់ប្ដូរ អាកប្បកិរិយា​មនុស្ស​ក៏​មិន​ស្ថិតស្ថេរ បញ្ហា​តែង​តែ​ប្រែ​ប្រួល​។ ដូចគ្នា​ផង​ដែរ នៅក្នុង​ការ​ប្រលង ប្រសិន​បើ​យើងមិន​អាច​ដោះស្រាយបញ្ហា រឺ​ចំណោទ នោះ​យើង​នឹង​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ​ (មិន​និយាយ​ក្នុង​ន័យ​ដែល​បាន​ការ​ស៊ីសំណូក រឺពុករលួយ​នោះទេ)។​ ដូច្នេះ​ហើយ នៅ​ពេល​ដែល​យើង​ជួប​បញ្ហា​កាន់​តែ​ច្រើន នោះ​ធ្វើឲ្យ​យើង​កាន់​តែ​មាន​ភាពវ័យឆ្លាត​ ធ្វើ​ឲ្យ​យើង​កាន់តែ​យល់​ពីជីវិត​ ធ្វើ​ឲ្យ​យើង​កាន់​តែ​ដឹង​ពីសង្គម ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្គាល់​ពិភពលោក​។ ​អ្នកប្រាជ្ញ អ្នក​ដឹកនាំល្អ អ្នកជំនួញ​ដែល​ជោគជ័យ គឺសុទ្ធសឹង​ជាអ្នក​ដែល​មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ដោះស្រាយ​បញ្ហា អ្នក​ដែល​ជួប​ប្រទះ និងយល់​ច្រើន​ពីបញ្ហា អ្នកដែល​ដឹង​ច្រើន​ពីតំរូវ​ការ អ្នក​ដែល​មាន​ភាព​ច្នៃប្រឌិត ហើយ​រីករាយ​នឹង​ដោះស្រាយ​រាល់​បញ្ហា​។ អញ្ចឹង​យើង​គ្រប់គ្នា​ក៏អាច​ក្លាយ​ជាអ្នក​ដែល​ជោគជ័យ​ អ្នក​ដែល​សំខាន់​នៅក្នុង​សង្គម រឺជាតិសាសន៍មួយផង​ដែរ​ បើសិន​យើង​យល់ដឹង​ពី​​បញ្ហា​ឲ្យ​កាន់​តែ​ច្រើន​  យើង​ចេះ​សំរប​សំរួល និង​រក្សា​ស្នាម​ញញឹម​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ ដោយ​ប្រកាន់ខ្ជាប់​នូវ​សុទិដ្ឋិនិយម និង​ផល​ប្រយោជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​។ សេចក្ដីសុខ​របស់អ្នក​ដទៃ ក៏ជា​សេចក្ដី​សុខ​របស់​យើងគ្រប់គ្នា​ មិនធ្វើឲ្យ​អ្នកដទៃឈឺចាប់ ទុក្ខព្រួយ គឺដោះស្រាយ​បញ្ហាដោយ​សន្តិវិធី ស្វែង​រក​ជោគជ័យ និង​សុខសន្តិភាព​ដល់​ពិភព​លោក​ទាំង​អស់គ្នា​។ សូម​កុំ​រត់​គេច​ពី​បញ្ហា កុំ​គិត​​ថា​​មាន​​តែ​អ្នក​​ដែល​មាន​​បញ្ហា​ កុំ​ធ្វើ​ឲ្យ​បញ្ហា ទៅ​ជា​​ភាព​ស្មុគស្មាញ គឺ​ត្រូវ​​ទទួល​​យក និង​ដោះស្រាយ​​ដោយ​ស្នាម​ញញឹម​។ ដូច្នេះ បញ្ហា​ជា​មេរៀន​ និងជា​ស្ពាន​ចំលង​ទៅ​រក​ភាព​ជោគជ័យ បើសិន​ជា​យើង​ចេះ​កែច្នៃ និង​យក​​យក​ដំណោះស្រាយ​បញ្ហា​មក​ប្រើ​ប្រាស់​ឲ្យ​ស្រប​តាម​ស្ថានភាព។ រស់  គឺ ដើម្បីដឹង ដើម្បីសង្ឃឹម ដើម្បីក្ដីស្រលាញ់ ដើម្បីចែករំលែក និង អនុវត្តអំពើល្អ!”

12 thoughts on “ជីវិត និង បញ្ហា

  1. តាមពិតចំនុចនេះ​មនុស្សភាគច្រើនសុទ្ធតែដឹង តែ​ត្រង់ថាអនុវត្តបែបណា? ដោះស្រាយយ៉ាងណា​ទើប​ល្អនោះ គឺ​មានមនុស្សតិចណាស់ដែល​អាច​ដោះស្រាយបាន។

    ចូលចិត្ត

    • ធម្មតា​រឿង​អនុវត្ត​មិន​ងាយ​ដូច​ការ​និយាយ​ទេ តែ​អ្វី​សំខាន់​មនុស្ស​ត្រូវ​តែ​ប្រើ​គំនិត​ពិចារណា និង​ស្វែង​រក​ដំណោះស្រាយ​​ដែល​ត្រូវ​ធ្វើ! បើ​ដឹង​ហើយ បែរ​ជា​មិន​យក​មក​វិភាគពិចារណា នោះ​នឹង​មិន​អាច​មាន​សកម្មភាព​ រឺ​អនុវត្ត​បាន​ទេ! ដូច​គេ​តែង​និយាយ​ថា “គិត​មុន​គូរ” ​មាន​ន័យ​ថា​បើ​មិន​គិត​ពិចារណា វិភាគ​រក​ហេតុផល​ទេ​ នោះ​នឹង​មិន​អាច​ធ្វើ​អ្វី​បានជារូប​រាង​​ទេ ។ ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​គ្មាន​ចិត្ត​ចង់​រក​ដំនោះ​ស្រាយ​​ គឺ​នៅ​តែស្មុគមួយកន្លែង​ហ្នឹង ហើយ​ចោទ​ថា​ជីវិត​មាន​បញ្ហា​មិន​ចេះ​ចប់! ​:)​

      ចូលចិត្ត

      • ដូចនិយាយចឹង គិតមុនគូរតែពេលខ្លះ ដល់ពេលដែលបញ្ហាមក​ដល់នោះអ្វីដែល​បានពោលខាងលើនេះ​មិនដឹងជាហោះ​ទៅកន្លៀត​ណា​អស់​នោះទេ​មិនថាចឹង? រឿងខ្លះទោះបានគិត​រូច​ហើយ​តែអ្វីៗ​អាច​នឹង​មិនដូច​ការគិត ហើយខ្លះ​កើត​ដោយ​មិន​បាន​ព្រៀង​ទុក តើបន្ទោស​អ្នក​ណា?

        ចូលចិត្ត

      • ហ្នឹង! បញ្ហា​ពេល​ខ្លះ​មិនដូចមុនទេ និង​​ពេល​ខ្លះ​ក៏​មិន​បាន​ព្រៀង​ទុក​ដែរ ហើយ​ក៏​ពិបាក​ដោះស្រាយ​ដែរ​ពេល​ខ្លះ គ្រាន់​តែ​យើងត្រូវ​​ចេះសំរបសំរួល និង​មាន​សុទិដ្ឋិនិយម នោះ​ប្រហែលជា​អាច​ជួយ​កាត់​បន្ថយ​នូវ​ការ​បារម្ភ និង​ហ៊ាន​ប្រឈម​មុខនឹង​រក​វិធី​​ដោះស្រាយ។🙂

        ចូលចិត្ត

      • យេស ប្រើគឺប្រើហើយ ពេលខ្លះប្រើមិនទាន់ពេលវេលា ព្រោះពេលស្ថិត​ក្នុង​ហេតុការណ៍​តានតឹង មនុស្សគិត​អី មិនសូវ​ចេញ​នោះទេ ទាល់​តែ​ធ្វើចិត្ត​ខ្លាំង​បាន​អាច​សម្រេច​បាន ហើយ​ដំណោះ​ស្រាយ​ក៏ មិនប្រាកដថាល្អ​ដែរ ព្រោះ​យើង​សុទ្ធតែ​មើល​មិន​ឃើញ ស្មានមិនត្រូវគ្រប់គ្នា។

        ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s