ស្នាដៃធំៗ ៨ យ៉ាង របស់គណបក្សប្រជាជនកម្ពុជា?

ថ្ងៃមុន​ខ្ញុំ​បាន​បើក​គេហទំព័រ​របស់​​គណបក្សប្រជាជនកម្ពុជា ហើយ​ក៏​បាន​ប្រទះ​ឃើញ​​មាន​ការ​សរសេរ​ពី​សមិទ្ធិផល​របស់​គណៈបក្ស​។ ឃើញ​ថា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះ​ដែរ ក៏​យក​មក​ចែក​ចាយ​គ្នា​ ដើម្បី​ដឹង និង គិត​ពិចារណា​ទាំង​អស់​គ្នា។ ក៏​សុំ​កោត​សរសើរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​រាជ​រដ្ឋា​ភិបាល​ខ្មែរ​ផង​ដែរ តែ​ស្របជាមួយ​សមិទ្ធផល​ដែល​ទទួល​បាន ក៏​​សូម​មេត្តា​គិត​គូរ​ និង​កែ​លំ​អរ​ចំពោះ​ផល​អវិជ្ជមាន​ផង​ដែរ (បើ​សិន​ជា​មាន)😀

ខាងក្រោម​នេះ​ជា​សមិទ្ធផល​​របស់គណបក្សប្រជាជនកម្ពុជា ដែល​បាន​សរសេរ​នៅ​គេហទំព័រ​របស់​ខ្លួន៖

ទីមួយៈ គណបក្សប្រ​ជាជន​កម្ពុជា បានសង្រ្គោះ​ជាតិ​ឲ្យ​រស់​ឡើងវិញ រួច​ផុតពី​របប​ប្រល័យ​ពូជសាសន៍ នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទប់ស្កាត់​មិនឲ្យ​របប​ដ៏យង់ឃ្នង​នេះ​វិល​ត្រឡប់​មកវិញ និង​បាន​ធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នៃ​របប​ប្រល័យ​ពូជ​សាសន៍ ត្រូវ​រលំរលាយ​ទាំងស្រុង ។​ រក​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា តាំង​ពី​ឆ្នាំ ១៩៧៩ ហើយ​បាន​ផ្តើម​គំនិត និង​ជំរុញ​ដំណើរការ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ ដើម្បី​កាត់​សេចក្តី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅក្នុង​របប​ កម្ពុជា​ប្រជាធិបតេយ្យ​។

ទីពីរៈ បាន​ដណ្តើម​មក​ជូន​ប្រជាជន​វិញ និង​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ឥតឈប់ឈរ​នូវ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង កិត្តិ​យស​សេចក្តីថ្លៃថ្នូរ និង​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​បាត់បង់​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ។ សម្រេចបាន​ការបោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ជាបន្តបន្ទាប់ ទាំង​នៅ​ថ្នាក់​ជាតិ និង​មូលដ្ឋាន ទាំង​សកល និង​អសកល ។

ទីបីៈ បាន​ធ្វើជា​កម្លាំង​ស្នូល​ក្នុង​ដំណើរការ​បង្រួបបង្រួម​ជាតិ រហូត​បានសម្រេច​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នា​ថ្ងៃ​ទី​ ២៣ ខែ តុលា ឆ្នាំ ១៩៩១ និង​ជា​កម្លាំង​ស្នូល​ក្នុង​ការកសាង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ទី២ ដែល​ប្រកាន់​យក​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។

ទីបួនៈ បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​ដំណើរការ​សន្តិភាវូបនីយកម្ម​ប្រទេសជាតិ​ទាំងមូល តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ លើ​មូលដ្ឋាន​ការបង្រួបបង្រួម​ជាតិ​ដែល​បាន​នាំមក​នូវ​សន្តិភាព ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុង ជា​លើក​ដំបូង ។

ទីប្រាំៈ បាន​ការពារ​យ៉ាងគត់មត់​នូវ​រាល់​សមិទ្ធផល​របស់​ជាតិ ដោះស្រាយ​ភាពជាប់គាំង​ខាង​នយោបាយ​ក្រោយ​ពេល​បោះឆ្នោត ហើយ​ធ្វើជា​កម្លាំង​ស្នូល​ក្នុង​ការដោះស្រាយ​ស្ថិរភាព​នៃ​រាជបល្ល័ង្គ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​ប្រព័ន្ធ ២/៣ មក​ប្រព័ន្ធ​ភាគច្រើន​ដាច់ខាត និង​ការរក្សា​ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​បានរឹងមាំ ធ្វើ​ឲ្យ​ប្រជាជន​បាន​រស់នៅ​យ៉ាងសុខសាន្ត ។

ទីប្រាំមួយៈ បាន​ស្តារ​ខឿនសេដ្ឋកិច្ច​សង្គម​ឡើងវិញ​ជា​ជំហានៗ តាំងពី​លេខសូន្យ រហូត​មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​ដូច​បច្ចុប្បន្ន ។ ទាក់ទាញ​បាន​អ្នកវិនិយោគទុន​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស បង្កើត​រោងចក្រ សហគ្រាស ធនាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កសិដ្ឋាន សំណង់​ធំៗ សេវាកម្ម​ទេសចរណ៍ បង្កើន​បាន​ការងារ និង​មុខរបរ​ជូន​ប្រជាជន ។ កសាង​សមិទ្ធផល​លើ​គ្រប់​វិស័យ មាន​ផ្លូវ ស្ពាន ទំនប់​ប្រឡាយ ស្រះទឹក អណ្តូងទឹក មណ្ឌល​អភិវឌ្ឍន៍ សាលារៀន មន្ទីរ​ពេទ្យ វត្តអារាម ។ល។ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កាន់តែ​បាន​ល្អ​ប្រសើរ​ឡើង ។

ទីប្រាំពីរៈ បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ នូវ​ការកែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ ធ្វើឲ្យ​ការងារ​គ្រប់គ្រង​រដ្ឋ គ្រប់គ្រង​សង្គម គ្រប់គ្រង​សេដ្ឋកិច្ច និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ កាន់តែ​មានប្រសិទ្ធភាព​ឡើង ដែល​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ការពង្រឹង​យុត្តិធម៌ សមធម៌ សង្គម និង​ការលើកកម្ពស់​ជីវភាព​ប្រជាជន មន្រ្តី​រាជការ និង​កងកម្លាំង​ប្រដាប់អាវុធ ។

ទីប្រាំបីៈ បាន​ស្តារ​កិតិ្តយស កិត្យានុភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើវិញ​នៅលើ​ឆាក​អន្តរជាតិ ធ្វើឲ្យ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដែល​មាន​លក្ខណៈ​ស្មើភាព និង​ស្មើ​សិទិ្ធ​ជាមួយ​បណ្តា​ប្រទេស​លើ​ពិភពលោក មាន​ទំនាក់ទំនង​មិត្ត​ភាព និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្រប់​ប្រទេស និង​ដៃគូ​អន្តរជាតិ​នានា ដែល​ជំរុញ​បាន​ខ្លាំងក្លា​ការអភិវឌ្ឍន៍​សង្គម​ជាតិ ។ សម្រេចបាន​ជោគជ័យ​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង តាមរយៈ​ការចរចា​ដោ​សន្តិវិធី ការពារ​បាន​យ៉ាងគត់មត់​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​មាតុភូមិ ។

ទៅទស្សនា​គេ​ហ​ទព័រ​របស់គណបក្សប្រជាជនកម្ពុជាចុចទីនេះ

2 thoughts on “ស្នាដៃធំៗ ៨ យ៉ាង របស់គណបក្សប្រជាជនកម្ពុជា?

  1. ខ្ញុំមិនដឹងថា គ្រីយ៉ាដឹងមកមកពីណាទេថា គណបក្សប្រជាជនជាអ្នករំដោះស្រុកខ្មែរចេញពីរបបពល ពតនោះ។ សូមគ្រីយ៉ាធ្វើការសិក្សាឡើងវិញចុះ!!!
    ប៉ុន្តែខ្ញុំមិនបដិសេធទេចំពោះអំពើល្អខ្លះៗរបស់គណបក្សប្រជាជននោះ តែយើងត្រូវក្រលេកមើល ប្រទេសយើងសព្វថ្ងៃវាធ្លាក់ដល់កំរិតណាហើយ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនយើង ឃើញថាប្រទេសយើងគឺវាអ៊ឺចឹង!! ដូច្នេះវាមិនអាចស៊ីសងគ្នាបានឡើយ។

    ចូលចិត្ត

    • សូមមេត្តាអានអត្ថបទរបស់ខ្ញុំសារជាថ្មី ។​ អ្វីដែលមានក្នុងអត្ថបទនេះ មិនមែនជាគំនិតរបស់ខ្ញុំផ្ទាល់​នោះទេ ហើយ​ខ្ញុំ​ក៏មិន​បាន​ថាគាំទ្រ​នូវសមិទ្ធផលទាំងនោះដែរ។ ខ្ញុំគ្រាន់តែដកស្រង់ពីគេហទំព័រ​របស់​គណបក្សប្រជាជនកម្ពុជាដែលគេបានសរសេរប្រាប់ដល់​អ្នក​ដែល​មិនបាន​យល់​ ប្រាប់ដល់អ្នក​ដែល​គ្មាន​ការពិចារណា ដើម្បីឲ្យគេជឿជាក់តែប៉ុណ្ណោះ។
      សូមអានអត្ថបទនេះសារជាថ្មី ហើយ​ពិចារណាលើពាក្យសំដីរបស់ខ្ញុំដែលបាន​សរសេរ​ឲ្យបាន​ច្បាស់លាស់។
      សូមអរគុណ ដែល​បាន​មក​ទស្សនា​ប្លុករបស់ខ្ញុំ និង​ផ្ដល់ជាគំនិត​ដ៏ល្អសំរាប់​សង្គម។🙂

      ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s