របៀបប្ដូភាសាក្នុងកម្មវិធី Microsoft Office 2007 ទៅជាភាសាខ្មែរ

ជាធម្មតា នៅពេលដែលយើងតំឡើងកម្មវិធី Microsoft Office  យើងតែងតែប្រើជាភាសាអង់គ្លេស ដោយ​សារ​មិនមានជាភាសាខ្មែរ។ រីឯអ្នកពត៌មានវិទ្យាខ្មែរក៏បានព្យាយាមកម្មវិធី OpenOffice ភាសាខ្មែរ ដែលមានតួនាទីដូចគ្នានឹង Microsoft Office  ដែរ ប៉ុន្តែតាមការសង្កេតមើលទៅ ឃើញថាមិនមានការពេញនិយមទេ ហើយ អ្នកខ្លះក៏មិនបានដឹងផងដែរ។ មួយរយៈចុងក្រោយ នេះ ក្រុមហ៊ុន Microsoft បានព្យាយាមបកប្រែរាល់កម្មវិធីរបស់ស្ទើរតែគ្រប់ភាសា ក្នុងនៅរួមទាំង ភាសាខ្មែរ​ផងដែរ។ ពេលនេះខ្ញុំគ្រាន់តែលើកយកម្មវិធី Microsoft Office 2007  មកនិយាយពី របៀបប្តូរភាសាមក ជា​ភាសាខ្មែរ ចំណែក​កម្មវិធី​ផ្សេងៗ​ទៀតផលិតផលរបស់ Microsoft ដែល មានជាភាសាខ្មែរ ខ្ញុំនឹងលើមក​និយាយនៅពេលក្រោយ។  រីឯកម្មវិធី Microsoft Office​ 2010  ជាភាសាខ្មែរ ក្រុមហ៊ុន Microsoft នឹងចេញឲ្យប្រើប្រាស់នៅចុងឆ្នាំ ២០១០ រឺ ដើមឆ្នាំ ២០១១ ខាង​មុខ​នេះ។
មុននឹងធ្វើការផ្លាស់ប្តូរភាសាទៅជាភាសាខ្មែរ យកល្អនៅក្នុងកុំព្យូទ័ររបស់អ្នកត្រូវមានក្តារចុចខ្មែរ​យូនីកូដជាមុនសិន។ បើ​សិន​ជា​កុំព្យូទ័រ​របស់​អ្នក​មិនទាន់បានតំឡើងក្ដារចុចខ្មែរយូនីកូដទេ អ្នកអាច​ទាញ យកកម្មវិធីនេះដែលរួមមានការណែនាំរបៀប​តំឡើងវា ដោយចុចត្រង់នេះ
សន្មតថាកុំព្យូរទ័ររបស់អ្នកបានតំឡើងក្ដារចុចយូនីកូដរួចរាល់ ឥឡូវយើងចាប់ផ្ដើមធ្វើការផ្លាស់​ប្ដូរ​ភាសានៅក្នុង Microsoft Office 2007 ។ សូមអនុវត្តតាមជំហ៊ាននីមួយៗខាងក្រោម៖
–>ទាញយកកញ្ចប់ភាសាខ្មែរសំរាប់ Microsoft Office 2007  ដោយចុចត្រង់នេះ
–>បន្ទាប់ពីទាញយកកញ្ចប់ភាសាខ្មែរ រួចរាល់ហើយ ត្រូវតំឡើងវា ដោយធ្វើដូចការបង្ហាញបន្ទាប់​នេះ ៖
– ចុចពីរដងលើកម្មវិធី កញ្ចប់ភាសាខ្មែរ ដែលអ្នកទើបតែបានទាញយក ។
– បន្ទាប់មកវានឹងបង្ហាញផ្ទាំងតំឡើងកម្មវិធីដូចរូបខាងក្រោម រួចជ្រើសត្រង់ ប្រអប់​យល់​​ស្រប​​តាម​លក្ខ័ណ្ឌ​របស់ Microsoft ហើយ ចុច​ពាក្យ “បន្ត” ដើម្បី បន្ត តំឡើង។
– ការតំឡើងបានចាប់ផ្ដើម រង់ចាំមួយស្របក់ ការតំឡើងនឹងបញ្ចប់ នឹងបង្ហាញផ្ទាំងដូច​រូបខាង ក្រោម ចុចបូតុង “OK​​” ដើម្បីបញ្ចប់។
–> បន្ទាប់ពីតំឡើងកញ្ចប់ភាសាខ្មែររួច ឥឡូវចាប់ផ្ដើមប្ដូរភាសាទៅជាភាសាខ្មែរ ដោយធ្វើតាម ការ​ណែនាំដូចតទៅនេះ ៖
– ចុច All Program –> Microsoft Office  –>Microsoft Office Tools –> Microsoft Office 2007 Language Setting (ដើម្បីងាយយល់​ សូមមើលរូបភាពខាងក្រោម )៖
– បន្ទាប់នឹងបង្ហាញផ្ទាំងសំរាប់ប្ដូរភាសា ដូចខាងក្រោមនេះ
-អ្នកត្រូវប្ដូរភាសាពីអង់គ្លេស មកជា ខ្មែរ ត្រង់ប្រអប់បង្ហាញដូចរូបខាងក្រោម

– បន្ទាប់មកចុចបូតុង “OK​​” ដើម្បីបញ្ចប់ការកំណត់។
ចំណាំ៖ ដើម្បីប្ដូរមកភាសាអង់គ្លេសវិញ អនុវត្តចាប់ផ្ដើមពីដំណាក់កាលលេខ ៥  ដោយ​ជ្រើស​រើស​ភាសាអង់គ្លេស។
– អ្នកអាចបើកកម្មវិធី Microsoft Office ដើម្បីមើលការផ្លាស់ប្ដូររបស់អ្នក។ កម្មវិធីដែល ជាភាសាខ្មែរ មាន​តែ Office Word, Excel, Power Point និង Outlook​ ។
ទាញយកឯកសារPDF

យល់ដឹងខ្លះៗពីកុំព្យ័រទ័រ

កុំព្យូទ័រ គឺ ជាម៉ាស៊ីនម៉្យាងដែលអាចផ្លា​ស់ប្ដូរព​ត៌មានយ៉ាងល្អ​និង​ជាក់លាក់ជា​ទីបំផុតដោយ យោងទៅ​តាម​រូបមន្ដ​​និង​ច្បាប់​ត្រឹមត្រូវ។​​​ កុំព្យូទ័រកាលពីរមុនមានទំហំធំ និង​​ មានការប្រើប្រាស់ បានតិច ក៏ប៉ុន្ដែកុំព្យូទ័រ​នាពេល​បច្ចុប្បន្ន​នេះវិញ ​មាន​ការ​កែប្រែជាច្រើនយ៉ាង​ កាន់តែមានភាព ងាយស្រួលជាងមុនដូចជា៖ ពួកគេបានកែប្រែ​ទំហំរូបរាង គុណប្រយោជន៏ ការប្រើប្រាស់ កាន់តែមានភាពងាយស្រួលជាងមុន និង ចូលរួមបំរើពិភពលោក​កាន់​តែបានច្រើន។ រហូតមក ដល់ពេលបច្ចុប្បន្ននេះ កុំព្យូទ័រ​ក្លាយជាវត្ថុ​ដ៏អស្ចារ្យ​និង​មានតំលៃ​សំរាប់មនុស្ស​ទូទៅ។​ វាជាអ្នក ផ្ដល់ពត៌មានកាន់តែរហ័ស និង ទំនើបជាទីបំផុត។ កុំព្យូទ័រអាចគ្រប់គ្រងរោងចក្រជាច្រើន ដែល​ពីមុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រង តែពេលនេះពួកគេប្រើកុំព្យូទ័រ​ ដើម្បី​គ្រប់គ្រងដែលផ្ដល់​ភាពងាយ​ស្រូល​​និង​មានប្រសិទ្ធភាពជាងមុន។

ប្រភេទនៃកុំព្យូទ័រ (ពត៌មានលំអិត សូមអាននៅ How Stuff Work)

1. Personal Computer (PC)

PC មានច្រើនទំរង់ រូមមាន Apple iPad

2. Desktop

3. Laptop or Notebook

4. Netbook​​ (Smaller and cheaper than notebook)

5. PDA

6. Workstation

7. Server

8. Mainframe

9. Supercomputer

10. Wearable computer

ធាតុផ្សំរបស់កុំព្យូទ័រ

កុំព្យូទ័រអាចដំណើរការទៅបាន អាស្រ័យដោយធាតុផ្សំរបស់វាពីរសំខាន់ៗគឺ Hardware និង Software ។

. ហាតវែ (​Hardware)  រឺ ផ្នែករឹង

ពាក្យថា Hardware របស់កុំព្យូទ័រមានន័យថា គេនិយាយអំពីផ្នែកដែលរឹងរបស់កុំព្យូទ័រ ដែលជាផ្នែក​មួយដែល​យើង​​អាចមើល​ឃើញ និងប៉ះបាន ហើយត្រូវបានគេចែកជាបីផ្នែកសំខាន់ ទៀត រួមមាន៖ System Unit, Input Device និង  Output Device ។

–       System Unit

ជាកែសដែលផ្ទុករាល់សមាសធាតុសំខាន់ៗ​របស់កុំព្យូទ័រមានដូចជា៖ បន្ទះ​មេ (Main Board រឺ Motherboard) គឺ​ជា​បន្ទះ​សៀគ្វី​ដ៏​ធំ​ស្ថិត​នៅ​ក្នុងផ្នែក​ប្រព័ន្ធ​ (System Unit)  ដែលវាបាន ទ្រទ្រង់នូវសមាសធាតុអេឡិចត្រូនិច ។ អង្គ​គណនី CPU (Central Processing Unit) ជាខួក្បាលរបស់កុំព្យ័ទ័រ ដែលមានតួនាទីចំបងក្នុងការទទួល​យកទិន្នន័យសំរាប់ការ​ដំណើរការ​ទិន្នន័យ និង​ត្រួតពិនិត្យ​គ្រប់គ្រងកិច្ចការទាំងអស់របស់កុំព្យូទ័រ។  RAM (Random Access Memory) ជាអង្គចងចាំមានតួនាទី​រក្សាទិន្នន័យ​រវាង CPU ដែលកំពុង​ដំណើរការ​ទិន្នន័យ ។ ការទុកទិន្នន័យរបស់ RAM ជាការក្សាទុក​បណ្ដោះ​អាសន្ន ហើយវា​នឹងបាត់បង់ ទិន្នន័យពេល កុំព្យូទ័រ​​​​ត្រូវបានបិទ។

–       Input Device

មានតួនាទីបញ្ចូលទិន្នន័យ ឬទទួលការបញ្ជាពីអ្នកប្រើប្រាស់ ដោយឧបករណ៍ដែលយើងបាន ដឹង ច្បាស់រូចហើយនោះ គឺមានដូចជា​៖ Video Camera មានតួនាទី​ប្រហាក់ប្រហែល នឹងម៉ាស៊ីនថត វីឌីអូឌីជី ថល ដែលវាភ្ជាប់ទៅនឹងម៉ាស៊ីនកុំព្យូទ័រ ហើយ​ធ្វើការជាមួយនឹងកម្មវិធីផ្សេងៗទៀត។ ​Scanner ជា​ឧបករណ៍​​​ប្រើសំរាប់ផ្ដិតរូបភាព និងឯកសារដើម្បី​បញ្ចូល​ទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ដែល​ឯកសារ​មាន​ដូចជា រូបថត និង​ អត្ថបទ។  Keyboard ប្រើសំរាប់វាយឯកសារចូលក្នុងកុំព្យូទ័រ។  Microphone មានតួនាទី​បញ្ជូន​សំលេង និងទិន្នន័យទៅកាន់កុំព្យូទ័រ ហើយធ្វើការជាមួយ កាត សំលេង ។​ Mouse ប្រើសំរាប់​បញ្ជា​ឲ្យ​ធ្វើការចង្អុលបង្ហាញ និងជ្រើសរើស ​Item នៅលើអេក្រង់ គេបានបែងចែកជាបីកន្លែងសម្រាប់ចុច ដែល​មានការកែប្រែ Mouse ឲ្យមានជើងនៅចំកណ្ដាល ដើម្បីរំកិលMouse ឲ្យបានលឿន។

–       Output Device

ជាបំណែកដែលបង្ហាញ​និង​បញ្ចូនទិន្នន័យដែលបានរៀបចំដំណើរការពី​CPU អោយទៅកាន់អ្នក​ប្រើ​ប្រាស់​​បានដឹង​ មិនថាតែការមើលឃើញ និងបន្លឺសំលេងចេញមកនោះទេ។ ហើយ​ Output Device មានដូចជា៖ Printer ជាឧបករណ៍សំរាប់បោះពុម្ភ ទិន្នន័យចេញពីកុំព្យូទ័រ ដែលចេញ​ជាឯកសារ​ហើយ​វាត្រូវបានចែកចេញជាបីប្រភេទទៀតរួមមាន Det Matrix printer , Laser Printer , Inkjet Printer។ ​Speaker ជា​ឧបករណ៍​សម្រាប់បន្លឺសំលេង ដែលវាធ្វើការជាមួយ កាតសំលេង (Sound Card) ។ ​Monitor ជាឧបករណ៍​បង្ហាញ​​លទ្ធផល ដែលបានមកពីProcess  របស់ម៉ាស៊ីនអោយអ្នកប្រើបានឃើញ។

. សូហ្វវែ (​Software) រឺ ផ្នែកទន់

Software គឺបណ្ដុំនែកម្មវិធី (Computer Program) និង ទិន្នន័យដែលទាន់ទង ដើម្បីបញ្ជាទៅកាន់ CPU ដើម្បី​ដំណើរការប្រតិបត្តិការណ៍របស់កុំព្យូទ័រ។ ផ្ទុយពី ហាតវែ (Hardware) គឺ សូហ្វវែ យើងមិនអាចប៉ះបាន រឺ មើលឃើញដំណើរការរបស់វានោះទេ អ្នកប្រើប្រាស់អាចឃើញលទ្ធផល នៃដំណើរការរបស់វា រឺ អាចបញ្ជា​ដើម្បីឲ្យកុំព្យូទ័រធ្វើអ្វីមួយ។ ជាធម្មតា កុំព្យូទ័រដែលយើង ប្រើ ប្រាស់រាល់ថ្ងៃ ត្រូវបំពាក់ដោយប្រព័ន្ធប្រតិបត្តិការណ៍​(Operating System)មួយ​ដែលហៅថា វីនឌូ (Window) ដែលជាផលិតផលរបស់ក្រុមហ៊ុន Microsoft ។ វីនឌូ ដើរតួនាទីសំខាន់ជាអ្នកចំលង​(Interface) រឺទទួលយកបញ្ជារបស់អ្នកប្រើប្រាស់ទៅ CPU ដើម្បីធ្វើមួយ។ ហើយតាម រយៈវីនឌូ នេះ អ្នក​ប្រើប្រាស់អាចបន្ថែមកម្មវីធីថ្មី (Install new program application) តាមទំរូវការដោយ ងាយស្រួល ដូចជាកម្មវិធី Microsoft Office, Adobe Reader, Adobe Photoshop, Adobe InDesign, Corel Draw ។ល៕ ក្រៅពី Microsoft Window កុំព្យូទ័រ ក៏អាចបំពាក់សូហ្វវែ សំរាប់ បញ្ជាទៅ CPU ដូចជា លីនុច(Linux), ម៉ាក (Mac OS), Sanmicro System (Solaris)។

ទាញយកឯកសារ PDF

ម្នាក់មួយភព

ថ្ងៃមួយ​អ្នកស្រែម្នាក់​កំ​ពុង​ច្រូត​ស្រូវ​បាន​ងើប​មុខ​ឡើង​ ហើយ​មើល​ទៅ​រថយន្ដ​តូច​ស៊េរី​ថ្មី​ដ៏​សែន​ស្អាត​មួយ​គ្រឿង​ ដែល​កំ​ពុង​បើក​តាម​ដង​ផ្លូវ​។​ ពេល​នោះ​អ្នក​ស្រែ​រូប​នោះ​ក៏​មាន​ចិត្ត​ច្រ​នែន​នឹង​សេច​ក្ដី​សុខ​ សប្បាយ​ របស់​អ្នក​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ ដោយ​គាត់​បាន​នឹក​គិត​ថា​ ពួក​គេ​មិន​ចាំ​បាច់​មក​ធ្វើ​ការ​នៅ​កណ្ដាល​ថ្ងៃ​ដ៏​សែន​ក្ដៅ​ មិន​បាច់​ហាល​ភ្លៀង​ ហាល​ខ្យល់​ដូច​ជា​រូប​គាត់​ឡើយ​។ គាត់​តូច​ចិត្ត​នឹង​ជី​វិត​ ដែល​មាន​តែ​ក្លិន​ភក់​ ក្លិន​គោ​ ក្របី ខ្លាំង​ណាស់​។​
ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​​ បុរស​រាង​ធាត់​ដែល​ម្នាក់​កំ​ពុង​តែ​ជិះ​នៅ​បាំង​ខាង​ក្រោយ​នៃ​រថយន្ដ​នោះ​ ក៏​កំ​ពុង​តែ​គិត​ពី​ក្រុម​ហ៊ុន​របស់​គាត់​ ដែល​កំ​ពុង​តែ​នឹង​ក្ស័យ​ធន​ និង​ គិត​ពី​បណ្ដា​ភរិយា​ ដែល​គាត់​មិន​ដឹង​ថា​ នឹង​អាច​ចិញ្ចឹម​ពួក​គេ​យ៉ាង​ដូច​ម្ដេច​ត​ទៅ​ទៀត​។ គាត់​ពិ​បាក​ចិត្ត​ពី​អនាគត​ ព្រោះ​មិន​ដឹង​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ ដើម្បី​ “​ រក្សា​មុខ​មាត់​ក្នុង​សង្គម​ ” អោយ​ដូច​ពី​មុន​បាន ហើយ​ក៏​មាន​ចិត្ត​ច្រ​នែន​នឹង​អ្នក​ស្រែ​ម្នាក់​នោះ​ដែល​គេ​មិន​ចាំ​បាច់​ គិត​ពី​ខ្វល់​ខ្វាយ​ចិត្ត​អ្វី​សោះ​ឡើយ​ គេ​បាន​រស់​នៅ​ជា​មួយ​ធម្មជាតិ​ បាន​បញ្ចេញ​កំ​លាំង​ពល​កម្ម​ ពេល​ធ្វើ​ការ​ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​ ហូប​ចុក​ រួច​ដេក​លក់​យ៉ាង​ស្កប់​ស្កល់​ពេញ​មួយ​យប់​។
អ្នក​ស្រែ​និង​អ្នក​ជិះ​រថយន្ត​បាន​គិត​ម្នាក់​មួយ​ផ្លូវ​ ម្នាក់​មើល​ឃើញ​ការ​មាន​ទ្រព្យ​ថា​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​សេច​ក្ដី​សុខ​។ រី​ឯ​ម្នាក់​ទៀត​ មើល​ឃើញ​ភាព​សាមញ្ញ​ដែល​មិន​ចាំ​បាច់​ប្រ​នាំង​ប្រ​ជែង​គ្នា​ក្នុង​វិ​ស័យ​ ពាណិជ្ជ​កម្ម​ ​ថា​គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​​សេច​ក្ដី​សុខ​​។​
អ្នក​ស្រែ​រូប​នោះ​ប្រ​ហែល​ជា​មិន​បាន​គិត​ថា​ គាត់​មាន​វាស​នា​ល្អ​ជាង​សេដ្ឋី​ម្នាក់​ដែល​ទើប​តែ​នឹង​ជិះ​រថ​យន្ដ​ទៅ​ អម្បាល​មិញ​នេះ​ទេ​មើល​ទៅ​? តាម​ការ​ពិត​សេច​ក្ដី​សុខ​​ វា​មិន​មែន​អា​ស្រ័យ​លើ​ការ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ​​ឡើយ​។​
សេដ្ឋី​ទាំង​ឡាយ​ រមែង​ទទួល​នូវ​ការ​សរសើរ​ដែល​គ្មាន​ភាព​ស្មោះ​ត្រង់​ពិត​ប្រា​កដ​ ហើយ​ច្រើន​តែ​មាន​មិត្ត​ភាព​ក្លែង​ក្លាយ​ និង​មាន​ស្នេហា​ដែល​អាច​លក់​ដូរ​បាន​។​ ការ​ពិត​ពួក​គេ​ ប្រៀប​បី​ដូច​ជា​ នុយ​មួយ​ដុំ​ដ៏​ធំ​ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​វ៉ូង​ត្រី​ឆ្លាម​កំនាច​ក្នុង​ សមុទ្រ​តែ​ប៉ុណ្ណោះ ប្រសិន​បើ​គេ​មិន​ឆ្លាត​វាង​វៃ​ទេ​នោះ​៕​
ហេតុនេះ ” យើង​គួរ​តែ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​យើង​មាន​ ប្រ​សើរ​ជា​ជាង​ច្រ​នែន​និន្ទា​នឹង​អ្នក​ដ​ទៃ​ “

ដកស្រង់ចេញពី ”មូល​ដ្ឋាន​គ្រឹះ​នៃ​ទំ​នាក់​ទំ​នង​” របស់អ្នកនិពន្ធ ”ច័ន្ទ​ ឬទ្ធី”